ភ្នំពេញ: នៅព្រលប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានចេញសេចក្តីជូនដំណឹង ជម្រាបជូន លោក លោកស្រី អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត។
កម្មវត្ថុ៖ ការពង្រឹងអនុវត្តវិធានការធ្វើចត្តាឡីស័ក និងការធ្វើតេស្តកូវីដ-១៩ លើអ្នកសង្ស័យមកពីខេត្ត និងប្រទេសមានហានិភ័យខ្ពស់។
យោង៖ យោងតាមការតាមដានទិន្នន័យប្រចាំថ្ងៃលើពលករចំណាកស្រុកមកពីប្រទេសថៃ។
សេចក្ដីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាបជូន និងធ្វើការក្រើនរំលឹក លោក លោកស្រី អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត បន្តអនុវត្តនូវវិធានការដូចខាងក្រោមឱ្យមានប្រសិទ្ធភាពខ្ពស់ ដោយហេតុថាមានការ កើនឡើងករជាវិជ្ជមានជារៀងរាល់ថ្ងៃនៅបណ្តាប្រទេសជិតខាងរបស់យើង ហើយជាពិសេសពលករចំណាកស្រុកដែលត្រឡប់ចូលមកវិញក៏មានការរកឃើញករណ៍វិជ្ជមានច្រើនផងដែរ៖
– ចាត់តាំងកម្លាំងគ្រប់គ្រង ឃ្លាំមើល និងធ្វើការណែនាំ ការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវការធ្វើចត្តាឡីស័ករបស់ប្រជាពលរដ្ឋ នៅក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងគោលបំណងពង្រឹងការធ្វើចត្តាឡីស័ក ឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព។
ពង្រីកការធ្វើតេស្តកូវីដ-១៩ លើអ្នកសង្ស័យ និងពលករមកពីខេត្តមានហានិភ័យខ្ពស់នៃប្រទេសជិតខាង ជាពិសេស ប្រទេសថៃ។
ពង្រឹងការអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការការពារការចម្លងជំងឺកូវីដ-១៩ ព្រមទាំងជំរុញលើកទឹកចិត្តប្រជាជនក្នុងដែន សមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួន ឱ្យស្របតាមរបត់នៃ “ ការរស់នៅធម្មតា តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺ កូវីដ-១៩ ” តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយប្រកាន់យកនូវការអនុវត្តន៍ ពាការពារ (ពាក់ម៉ាស់ លាងដៃឱ្យញឹកញាប់ និង រក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង ) និងពាកុំ ( កុំទៅកន្លែងមានមនុស្សកុះករច្រើន កុំទៅកន្លែងបិទជិត
គ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា) ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោ លោកស្រី អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ពង្រឹងការអនុវត្តវិធានការដែលបានណែនាំខាងលើ ឱ្យមានប្រសិទ្ធភាពខ្ពស់។
សូមលោក លោកស្រី អភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត ទទួលនូវការរាប់អានដ៏ស្មោះពីខ្ញុំ៕