ភ្នំពេញ៖ ថវិកាចំនួន៥លានរៀល ជាអំណោ យរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបានផ្តល់ជូនគ្រួសារកុមារា សៀក យ៉ានុត ដែលរងរបួសជើងឈានដល់កាត់ជើងម្ខាង កំពុងសម្រាកព្យាបាលក្នុងនៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ។ កុមារា សៀក យ៉ានុត មានអាយុ១៦ឆ្នាំ រស់នៅភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
អំណោយដ៏សប្បុរសរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ចំនួន៥លានរៀល នេះ ត្រួវបាននាំយកផ្តល់ជូនគ្រួសារកុមារ សៀក យ៉ានុត ដល់មន្ទីរពេទ្យនៅថ្ងៃទី២៦ ខែឧសភា តាមរយៈសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដឹកនាំដោយ លោកស្រី មុំ ចាន់ដានី លេខាធិការគណៈកម្មាធិការសាខា និងលោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា តំណាងឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ។
នាឱកាសនោះ ក្នុងនាម លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ លោកស្រី មុំ ចាន់ដានី និងលោក ជិន ប៊ុនធឿន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ កុមារា សៀក យ៉ានុត ហើយបានលើកទឹកចិត្តដល់កុមារា សៀក យ៉ានុត កុំអោយមានក្តីអស់សង្ឃឹមត្រូវខិតខំប្រឹងប្រែងបន្តការសិក្សា ក្រោយពេលព្យាបាលរួចរាល់។
ជាមួយគ្នានោះលោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា តំណាង លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាបាទក្រហមកម្ពុជារាជធានីភ្នំពេញ បានបញ្ជាក់ថា ៖កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ជាប់ជានិច្ចចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋយើង ជាពិសេសជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោល “ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” ។ ក្នុងឱកាសនោះ លោកស្រី មុំ ចាន់ដានី និងលោក ជិន ប៊ុនធឿន ក៏បានសូមឲ្យគ្រួសារ និងកុមារា សៀក យ៉ានុត បន្តយកចិត្តទុកដាក់ថែទាំសុខភាព ស្តាប់តាមការណែនាំរបស់គ្រូពេទ្យ ជាពិសេសសូមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពារខ្លួនពីជំងឺកូវីដ១៩គឺ ៣ការពារ និង ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ៕
ដោយ៖ សំរិត