ខេត្តស្វាយរៀង៖ នៅវេលាយប់ថ្ងៃទី២៦ខែឧសភាឆ្នាំ២០២១នេះលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បដិសេធថា រូបភាពវីដេអូដែលបង្ហាញពីសកម្មភាពកម្មកររត់ចេញពីរោងចក្រដោយខ្លាចកូវីដ គឺ មិនមែនជាការពិតទេ។
លោកបន្តថា រូបភាពវីដេអូដែលប្រព័ន្ធសារព័ត៌មាន មួយចំនួនបានផ្សព្វផ្សាយ ថា អាជ្ញាធរធ្វើតេស្ដកម្មករប្រមាណមួយពាន់នាក់នៅរោងចក្រមួយក្នុងខេត្តស្វាយរៀង អះអាងថារកឃើញវិជ្ជមានកូវីដ១៩ ជិត៦០នាក់ ស្រាប់តែកម្មករនាំគ្នាសម្រុកចេញពីកន្លែងយក សំណាក គឺមិនមែនជាការពិតទេ ។
លោក ម៉ែន វិបុល បានបញ្ជាក់ថា ក្រុមគ្រូពេទ្យបានយកសំណាកកម្មករនៅរោងចក្រ អេ អេន ជេ ខេមបូឌា (A and J) តំបន់សេដ្ឋកិច្ចពិសេសតាយសេង ក្រុងបាវិត ខេត្តស្វាយរៀង ចំនួន១០៨នាក់ ដោយ ក្នុងនោះ រកឃើញ៥៤នាក់ មានវិជ្ជមានកូវីដ ១៩ និងដឹកយកទៅព្យាបាលភ្លាម ។ លោកបានបញ្ជាក់ថា “ រូបភាពនេះ គឺអ្នកនាំគ្នារត់នៅរោងចក្រផ្សេងទេ ។
គាត់ឃើញគេយកសំណាក គាត់ស្មានថា យកសំណាក ពួកគាត់ទៀតហើយ គាប់ជួនដល់ម៉ោងគាត់ចេញពីធ្វើការផងក៏នាំគ្នាសម្រុកចេញមក ខាងក្រៅហើយ វា ច្រឡំចឹងទេ ។
មុខសញ្ញាដែលយើងយក គឺតែពីរអគារ នៅរោងចក្រ អេ អេន ជេ មិនបាន ២០០ នាក់ ផង ហើយអគារមិនពាក់ព័ន្ធនឹងកូវីដ គេមិនយកសំណាកទេ៕ ដោយ៖សុថាន
https://youtu.be/voHB_CQV3Jg