អន្តរជាតិ៖ បើយោងតាមរាយការណ៍របស់ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃព្រហស្បតិ៍ទី២៧ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ២១១,២៩៨នាក់បន្ថែមទៀត អ្នកជំងឺ COVID-19 ចំនួន ៣,៨៤៧នាក់ទៀត នៅក្នុងរយៈពេល ១ថ្ងៃចុងក្រោយនេះ ដែលនាំឱ្យចំនួនករណីឆ្លងសរុប នៅទូទាំងប្រទេសអាស៉ីខាងត្បូងមួយនេះ កើនឡើងដល់ ២៧,៣៦៩,០៩៣ករណី។
រាយការណ៍របស់ក្រសួងសុខាភិបាលឥណ្ឌា បានបញ្ជាក់ថា ចំណែកចំនួនអ្នកជំងឺ COVID-19 ស្លាប់សរុបនៅទូទាំងប្រទេស កើនឡើងដល់ ៣១៥,២៣៥នាក់, ខណៈអ្នកជំងឺសរុបចំនួន ២៤,៦៣៣,៩៥១នាក់បានជាសះស្បើយ និងបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានចិនស៉ីនហួរ។
គួរបញ្ជាក់ថា ប្រទេសឥណ្ឌា រហូតមកដល់ពេលនេះ បានផ្ដល់ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ២០២លានដូសហើយ ជូនដល់ប្រជាជនរបស់ខ្លួន នៅទូទាំងប្រទេស ក្នុងនោះមានវ៉ាក់សាំងចំនួន១,៨៨៥,៨០៥ដូស ត្រូវបានចាក់ជូនដល់ប្រជាជន ក្នុងពេលតែមួយថ្ងៃម្សិលមិញនេះប៉ុណ្ណោះ៕ដោយ៖ស តារា