ការឆ្លងរាលដាលនៅក្នុងប្រទេសថៃបានកើនឡើងខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ ក៏ដូចជាចំនួនអ្នកស្លាប់ក៏ កើនឡើងខ្ពស់ផងដែរ ។ ពលរដ្ឋថៃ បានថ្កោលទោសយ៉ាងខ្លាំងដល់រដ្ឋាភិបាល ដែលមានសកម្មភាពយឺតយ៉ាវក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ ខណៈដែលប្រទេសជិតខាងបានចាក់ជាច្រើននាពេលកន្លងមក។
សារព័ត៌មាន Reuters នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៧ ខែឧសភា បានផ្សាយថា នៅពេលនេះព្រះអនុជពៅរបស់ព្រះមហាក្សត្រថៃ បានអនុញ្ញាតឲ្យស្ថាប័នមួយដែលទ្រង់ជាអ្នកឧបត្ថម្ភគាំទ្រ ធ្វើការនាំចូលវ៉ាក់សាំងបង្ការជំងឺ COVID-19 ដោយផ្ទាល់ «មិនចាំបាច់ត្រូវឆ្លងកាត់រដ្ឋាភិបាល» ។
ព្រះម្ចាស់ក្សត្រី Chulabhorn ជាព្រះអនុជពៅរបស់ព្រះមហាក្សត្រថៃ ព្រះបាទ មហា វិជ្ជរ៉ាឡុងកន (Maha Vajiralongkorn) បានចុះព្រះហស្តលេខាលើរាជក្រឹត្យមួយ ផ្តល់អំណាចឲ្យរាជបណ្ឌិត្យសភាវេជ្ជសាស្រ្ត-វិទ្យាសាស្រ្តថៃ ជូឡាផន (Chulabhorn) អាចធ្វើសកម្មភាពដោយឯកតោភាគីបាន ក្នុងការនាំចូលវ៉ាក់សាំងយកមកបម្រើផលប្រយោជន៍របស់ប្រជាជន ពាក់ព័ន្ធបញ្ហាជំងឺរាតត្បាត COVID-19 នៅក្នុងប្រទេសអាស៊ានមួយនេះ។
នៅពេលនេះដែរ រាជបណ្ឌិត្យសភាថៃ Chulabhorn បានត្រៀមរៀបចំធ្វើសន្និសីទសារព័ត៌មានមួយនៅថ្ងៃសុក្រសប្តាហ៍នេះ ខណៈដែលវ៉ាក់សាំងត្រូវនាំចូល អាចជាវ៉ាក់សាំង ស៊ីណូហ្វាម (Sinopharm) របស់ចិន ដែលអាជ្ញាធរសុខាភិបាលថៃត្រូវបានគេរំពឹងថា នឹងផ្តល់ការអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំង ដែលត្រូវបានអង្គការ WHO ទទួលស្គាល់ជាផ្លូវការរួចទៅហើយនេះ នៅក្នុងពេលឆាប់ៗនេះ។ ប្រទេសថៃ ដែលមានប្រជាជនជិត ៧០លាននាក់ ទើបតែគ្រោងនឹងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ក្នុងទ្រង់ទ្រាយធំនៅខែមិថុនា ខាងមុខនេះប៉ុណ្ណោះ ។ គិតត្រឹមថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ថៃសម្រេចបានការចាក់វ៉ាក់សាំងជូនពលរដ្ឋចំនួន ៣.១៥លានដូស ក្នុងប្រជាជន ៣.១៥លាននាក់៕
រូបភាព៖ TTXVN