ខេត្តកណ្តាលៈ ស្នងការរងនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ត្រី ចាន់ សាវឿន តំណាងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១នេះ បានធ្វើពិធីប្រគល់រថយន្តពន្លត់អគ្គិភ័យចំនួនមួយគ្រឿងជូនដល់អធិការនគរបាលស្រុកស្អាង ដើម្បីទុកសម្រាប់ប្រើប្រាស់ចេញអន្តរាគមន៍ពន្លត់អគ្គិភ័យ។
ឱកាសនេះដែរលោកឧត្តមសេនីយ៍ត្រី ចាន់ សាវឿន ស្នងការរងនគរបាលខេត្តកណ្តាលបានមានមតិផ្តាំផ្ញើដល់លោកអធិការនគរបាលស្រុកស្អាង ក្រោយពីទទួលបានរថយន្តពន្លត់អគ្គិភ័យនេះ ត្រូវថែរក្សានិងប្រើប្រាស់ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ។ មួយផ្នែកទៀតត្រូវរៀបចំកន្លែងទុកដាក់រថយន្តនេះអោយបានសមរម្យ និងបែងចែកកម្លាំងប្រចាំការត្រៀមចេញអន្តរាគមន៍រាល់កើតមានគ្រោះអគ្គិភ័យជាយថាហេតុឲ្យបាន២៤ម៉ោងលើ២៤ម៉ោង ។ លោកឧត្តមសេនីយ៍ស្នងការរងបានបញ្ជាក់ថា រាល់មានករណីខូចខាត ឬបាត់បង់សម្ភារៈ ដោយប្រការណាមួយ ត្រូវរាយការណ៍ជាបន្ទាន់មកការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ ដើម្បីមានមូលដ្ឋានគ្រប់គ្រាន់ រាយការណ៍បន្តជូនលោកឧត្តមសេនីយ៍ទោស្នងការ និងប្រធាននាយកដ្ឋាននគរបាលពន្លត់អគ្គិភ័យ និងសង្រ្គោះ នៃក្រសួងមហាផ្ទៃ៕
ដោយ, សិលា