បំរែបំរួលអាកាសធាតុដ៏ធ្ងន់ធ្ងរ និងកិច្ចប្រជុំកំពូលP4Gនៅទីក្រុងសេអ៊ូល

ចែករំលែក៖

ភពផែនដី និងប្រជាជននៅលើផែនដី កំពុងតែទទួលរងនូវបំរែបំរួលអាកាសធាតុដ៏ធ្ងន់ធ្ងរ។ ជាការពិត បំរែបំរួលអាកាសធាតុនេះ ត្រូវបានកើតឡើងជាចំបងដោយសកម្មភាពរបស់មនុស្ស។ យោងទៅតាម របាយការណ៏របស់អង្គការឧតុនិយមពិភពលោកស្តីពីបំរែបំរួលអាកាសធាតុឆ្នាំ២០២០ សីតុណ្ហភាពមធ្យមសកល ត្រូវបានកើនឡើង១,២អង្សាសេបើប្រៀបធៀបទៅនឹងកម្រិតមុនសម័យឧស្សាហូបនីយកម្ម(ជាមូលដ្ឋានចាប់ពីឆ្នាំ ១៨៥០ ដល់ឆ្នាំ១៩០០)។ ឆ្នាំ២០២០ ទំនងជាឆ្នាំមួយ ក្នុងចំណោមឆ្នាំក្តៅបំផុតទំាងបីលើកំណត់ត្រាពិភពលោក ហើយកាលពី៦ឆ្នាំមុន ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២០ ទំនងជា៦ឆ្នាំដ៏ក្តៅបំផុតលើកំណត់ត្រាពិភពលោក។ នាឆ្នំា២០១៩ កំហាប់កាបូនឌីអុកស៊ីត បានឈានដល់កំរិតខ្ពស់ថ្មីជាង៤១០ផ្នែកក្នុងមួយលាន(ppm) ពីកម្រិត២៧០ ដល់២៨០ppm ក្នុងយុគសម័យមុនសឧស្សាហូបនីយកម្ម ទោះបីមានការកើនឡើងបន្តិចក្នុងអត្រាកំណើនប្រចាំឆ្នាំនៃកំហាប់កាបូនឌីអុកស៊ីត ក្នុងបរិយាកាសទាក់ទងនឹងវិធានការណ៏ដែលបានអនុវត្ត ជាការឆ្លើយតបនឹងរោគរាតត្បាតកូវីដ១៩ ក្នុងឆ្នាំ២០២០។ នេះបើយោងតាមសេចក្រីបញ្ជាក់ដោយផាក ហ៊ឺងខ្យង់ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចំាប្រទេសកម្ពុជា។ ប្រភពបន្តថាផ្នែកខ្លះនៃតំបន់អាស៊ីអាគ្នេយ៏ បានជួបប្រទះនឹងទឹកជំនន់យ៉ាងធ្ងន់ធ្ងរ នៅចំពេលមានបំរែបំរួលអាកាសធាតុពិភពលោក នាខែតុលា និងខែវិច្ឆិកាឆ្នាំមុន។ តំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេ គឺភាគកណ្តាលនៃប្រទេសវៀតណាម ដែលភ្លៀងធ្លាក់ខ្លាំងនៃខ្យល់មូសុងទិសឥសាន្ត ត្រូវបានធ្វើអោយកាន់តែធ្ងន់ធ្ងរឡើង ដោយសារការបន្តមានឡើងនៃខ្យល់ព្យុះស៊ីក្លូនត្រូពិក។ ទឹកជំនន់នេះ ក៏បានរាលដាលបន្ថែមទៀតនៅភាគខាងលិចនៃប្រទេសកម្ពុជា។ លើសពីនេះទៀត គ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរ បានជះឥទ្ធិពលដល់ផ្នែកជាច្រើននៃអាមេរិកខាងត្បូង និងមានភ្លើងឆេះព្រៃជាច្រើននៅទូទាំងសហរដ្ឋអាមេរិកខាងលិច និងអូស្ត្រាលីខាងកើតក្នុងឆ្នាំ២០២០។
ប្រទេសកម្ពុជាត្រូវបានផ្តល់ជូននូវ មូលដ្ឋានធនធានធម្មជាតិដ៏សំបូរបែប។ នេះគឺជាគន្លឹះសំរាប់សន្តិសុខស្បៀង និងការចិញ្ចឹមជីវិតរបស់ប្រជាជន។ ប៉ុន្តែវាត្រូវបានគំរាមកំហែងដោយបំរែបំរួលលក្ខខណ្ឌអាកាសធាតុ។ ដោយឡែក បំរែបំរួលលក្ខខណ្ឌអាកាសធាតុ បង្កការគំរាមកំហែងជាបន្តចំពោះការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងប្រទេស ដែលពឹងផ្អែកយ៉ាងខ្លាំងទៅលើទន្លេមេគង្គ និងអាងទន្លេសាប។ អាងទំាងនេះត្រូវបានកំណត់ដោយ ធារាសាស្ត្រសន្ទុះទឹកជំនន់ ដែលមានបំរែបំរួលដ៏សំខាន់នៃកំរិតទឹកនាចន្លោះរដូវវស្សា និងរដូវប្រំាង។ ប្រព័ន្ធសន្ទុះទឹកជំនន់ធ្វើអោយមានព្រៃលិចទឹក វាលស្មៅ និងដីសើម ក៏ដូចជាជលផលទឹកសាបដ៏សំបូរបែប និងមានផលិតភាពបំផុតរបស់ពិភពលោក។ វាក៏មានការផ្គត់ផ្គង់ដ៏ទូលំទូលាយ នូវធនធានទឹកសាបរបស់ប្រទេសសម្រាប់វិស័យកសិកម្មផងដែរ។ កសិកម្ម និងជលផលដែលមានចំនួន២៧ភាគរយ និង១២ភាគរយនៃផលិតផលក្នុងស្រុកសរុបនីមួយៗ គឺជាគន្លឹះនៃសន្តិសុខស្បៀងក្នុងប្រទេសកម្ពុជា និងការចិញ្ចឹមជីវិតរបស់ប្រជាជនកម្ពុជា។
ដើម្បីឆ្លើយតបទៅនឹងកិច្ចខិតខំប្រឹងប្រែងជាសាកល ក្នុងការដោះស្រាយបំរែបំរួលអាកាសធាតុ សាធារណរដ្ឋកូរ៉េបានប្រកាសនូវផែនការមហិច្ឆតារបស់ខ្លួន ដើម្បីសម្រេចគោលដៅនៃអព្យាក្រឹត្យភាពកាបូនត្រឹមឆ្នាំ២០៥០។ យោងទៅតាម សេចក្តីប្រកាសកាលពីឆ្នាំមុន របស់ដំណោះស្រាយសភា ដែលបានដាក់ចេញផែនការដ៏ធំមួយ សម្រាប់ការដោះស្រាយបំរែបំរួលអាកាសធាតុ រដ្ឋាភិបាលកូរ៉េមានគំរោងវិនិយោគ៦២ពាន់លានដុល្លារ ក្នុងគម្រោងរយៈពេលខ្លី និងរយៈពេលវែង ដើម្បីជួយស្តារសេដ្ឋកិច្ចឡើងវិញពីការធ្លាក់ចុះដែលបណ្តាលមកពីជំងឺកូវីដ១៩។ ផែនការមួយចំនួនរួមមាន ការបំលែងឧស្សាហកម្មដែលពឹងផ្អែកខ្លាំងលើកាបូនភាគច្រើននៅក្នុងប្រទេស ឲ្យទៅជាប្រព័ន្ធកាបូនទាប និងការជំរុញការប្រើប្រាស់ប្រភពថាមពលមិនមែនផូស៊ីល ដូចជាថាមពលពន្លឺព្រះអាទិត្យ ខ្យល់ និងថាមពលវារីអគ្គិសនី។នៅក្នុងបរិបទនេះ សាធារណរដ្ឋកូរ៉េនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលP4Gលើកទីពីរ តាមរយៈប្រព័ន្ធអនឡាញ នាថ្ងៃទី៣០ និង៣១ ខែឧសភា ឆ្នាំនេះ ក្រោមប្រធានបទ “ការស្តារឡើងវិញប្រកបដោយពណ៌បៃតង ឆ្ពោះទៅរកអព្យាក្រឹត្យភាពកាបូន”។ P4Gដែលតំណាងអោយ ដៃគូដើម្បីកំណើនពណ៌បៃតង និងគោលដៅពិភពលោកឆ្នាំ២០៣០ មានគោលបំណងពន្លឿនដំណោះស្រាយលើវិស័យP4Gធំៗទាំង៥ (ម្ហូបអាហារ ទឹក ថាមពល ទីក្រុង និងសេដ្ឋកិច្ចរាងជារង្វង់)។ ទំាងនេះត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ និងជាធាតុដ៏សំខាន់ក្នុងការឆ្លើយតបជាសកលចំពោះបំរែបំរួលអាកាសធាតុ៕

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print