អន្តរជាតិ៖ រដ្ឋាភិបាលម៉ាឡេស៊ី នៅថ្ងៃអាទិត្យ ទី៣០ ខែឧសភា ឆ្នាំ២០២១ បាននិយាយថា រាល់ផ្សារទំនើប (Mall) ទាំងអស់ នឹងត្រូវបិទទ្វារ ដោយវិស័យសេវាកម្មចាំបាច់ចំនួន១៧ ប៉ុណ្ណោះ ដែលនឹងត្រូវបានអនុញ្ញាតឱ្យដំណើរការធម្មតា ក្នុងកំឡុងពេលវិធានការបិទខ្ទប់ទាំងស្រុង រយៈពេលពីរសប្តាហ៍ខាងមុខនេះ។ ចំពោះវិស័យសេវាកម្មចាំបាច់ទាំងនេះ រួមមាន៖ វិស័យសុខាភិបាល ទូរគមនាគមន៍ ប្រព័ន្ធផ្សព្វផ្សាយ ម្ហូបអាហារ ក៏ដូចជាធនាគារជាដើម។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ទីភ្នាក់ងារសារព័ត៌មាន Reuters បាននិយាយបន្ថែមថា រដ្ឋាភិបាលម៉ាឡេស៊ី ក៏នឹងអនុញ្ញាតឱ្យក្រុមហ៊ុនក្រោមវិស័យឧស្សាហកម្មចំនួន១២ បន្តប្រតិបត្តិការផងដែរ ដូចជារោងចក្រផលិតចំណីអាហារ និងភេសជ្ជៈ ឧបករណ៍វេជ្ជសាស្ត្រ វាយនភ័ណ្ឌ និងប្រេងឧស្ម័ន។ វិស័យទាំងនេះនឹងត្រូវបើកប្រតិបត្តិការតែ ៦០ភាគរយ។
ដោយឡែករដ្ឋាភិបាល សម្រេចប្រកាសបែបនេះ បន្ទាប់ពីការិយាល័យរបស់នាយករដ្ឋមន្រ្តី បានប្រកាសកាលពីថ្ងៃសុក្រទី២៨ ថ្មីៗនេះថា ប្រទេសម៉ាឡេស៊ីនឹងត្រូវអនុវត្តវិធានការបិទខ្ទប់ទាំងស្រង់ នៅទូទាំងប្រទេស ដោយចាប់ផ្តើមពីថ្ងៃទី១ ខែមិថុនារហូតដល់ថ្ងៃទី១៤ខែមិថុនា។
បច្ចុប្បន្ន សម្រាប់តួលេខអ្នកឆ្លងកូវីដ-១៩ នៅម៉ាឡេស៊ី បានកើនឡើងយ៉ាងគំហុក។ ខណៈកាលពីថ្ងៃសៅរ៍មានឆ្លងថ្មីរហូតដល់ ៩,០២០នាក់ និងស្លាប់ ៩៨នាក់។ ចំណែកឯនៅថ្ងៃអាទិត្យទី៣០ ខែឧសភាម្សិលមិញនេះ មានអ្នកឆ្លងថ្មី ៦,៩៩៩នាក់បន្ថែមទៀត ដែលនាំឲ្យករណីឆ្លងសរុបនៅទូទាំងប្រទេសកើនលើស ៥៦០,០០០នាក់៕ដោយ៖ស តារា
រូបថត៖AP