ភ្នំពេញ៖ សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ទៅដល់ម្ចាស់ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលធ្វើផ្ទះតូចៗនៅលើផ្ទៃទឹក ឬបែចញ្ចឹមត្រីដែលបង្កឱ្យខូចខាតដល់បរិស្ថាន ទើបរដ្ឋបាលរាជធានីភ្នំពេញតែងតែយកចិត្តទុកដាក់ជានិច្ចពីបញ្ហាបរិស្ថាន សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ដើម្បីរក្សាសោភណភាពទីក្រុង និងសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងមួយជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា កន្លងមកមានជនឱកាសនិយមមួយចំនួនបានលបលួចធ្វើបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះតូចៗ និងសំណង់មិនរៀបរយនៅលើផ្ទៃទន្លេ ហើយកន្លែងខ្លះបានប្រែក្លាយជាកន្លែងស្នាក់នៅដោយខុសច្បាប់យ៉ាងអនាធិបតេយ្យដែលបង្កឱ្យបាត់បង់សណ្តាប់ធ្នាប់ ប៉ះពាល់ដល់ផ្លូវនាវាចរ ប៉ះពាល់ដល់ប្រព័ន្ធអេកូឡូហ្ស៊ី មានចរន្តទឹកហូរ គោករាក់ ពិសេសការប្រើប្រាស់ចំណីសម្រាប់ចិញ្ចឹមត្រី និងការបញ្ចេញកាកសំណល់ ការបន្ទោបង់ពាសវាលពាសកាលក្នុងទន្លេ ធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ជីវៈចម្រុះក្នុងទឹក ខូចគុណភាពទឹក បំពុលបរិស្ថាន និងប៉ះពាល់ដល់សោភណភាពរាជធានីភ្នំពេញ ព្រមទាំងប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋដែលបានប្រើប្រាស់ទឹកមិនស្អាតផងដែរ។
រដ្ឋបាលរាជធានីភ្នំពេញ បានបន្តថាដើម្បីរក្សាបរិស្ថាន ជីវៈចម្រុះ គុណភាពទឹក និងលុបបំបាត់បាតុភាពអសកម្ម តម្រូវឱ្យម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់មិន រៀបរយនៅលើផ្ទៃទន្លេទាំងអស់ ត្រូវរុះរើ ឬចល័តចេញជាបន្ទាន់ ដោយទុករយៈពេល១ (មួយ) សប្ដាហ៍ គិតចាប់ពីកាលបរិច្ឆេទចេញសេចក្តីជូនដំណឹងនេះតទៅ។ ផុតរយៈពេលនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងចាត់វិធានការរដ្ឋបាលដោយពុំទទួលខុសត្រូវរាល់ការខូចខាត ឬការបាត់បង់ណាមួយឡើយ ហើយក្នុងករណីរឹងរូស អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមផ្លូវច្បាប់។
ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញស្នើឱ្យបងប្អូនប្រជាពលរដ្ឋប្តូរទម្លាប់ពីការចិញ្ចឹមត្រីតាមបែលើផ្ទៃទន្លេ នៅភូមិសាស្ត្ររាជធានីភ្នំពេញមកចិញ្ចឹមត្រីតាមស្រះវិញ។ លើសពីនេះទៀត រដ្ឋបាលរាជធានីភ្នំពេញ មានក្តីសង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ជាពិសេសម្ចាស់បែចិញ្ចឹមត្រី ម្ចាស់ផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់មិនរៀបរយនៅលើផ្ទៃទន្លេទាំងអស់នឹងចូលរួមអនុវត្តតាមខ្លឹមសារសេចក្ដីជូនដំណឹងនេះ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីផល ប្រយោជន៍រួមរបស់រាជធានីភ្នំពេញ៕
ដោយ៖ រ៉ារ៉ា