ភ្នំពេញ, នៅរសៀលថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី វិនឌី រូត្ស សុីមែន (Wendy Ruth Sherman) អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
នៅក្នុងជំនួបនោះ លោកស្រី ស៊ីមែន បានពាំនាំនូវសារលិខិតរបស់លោក ចូ បដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក ជូនសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបង្ហាញអំពីបំណងប្រាថ្នារបស់ លោកប្រធានាធិបតី ក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោកស្រីបាន សម្តែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក លើទិដ្ឋភាពជាច្រើន រួមមាន ពាណិជ្ជកម្ម និងការវិនិយោគ កម្មវិធីរុករកអដ្ឋិធាតុទាហានអាមេរិកដែលបាត់ខ្លួននៅក្នុងប្រទេស កម្ពុជា (POW/ MIA program) ការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងកិច្ចការមនុស្សធម៌ ជាពិសេស ការអនុញ្ញាតឱ្យនាវាទេសចរណ៍ Westerdam ចូលចតនៅកំពង់ផែកម្ពុជា ។ លោកស្រីបានជម្រាបជូន សម្ដេចតេជោបន្ថែមទៀតអំពីកាលានុវត្តភាពជាច្រើនស្ថិតក្រោមកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមាន ការ ដោះស្រាយបំណុល និងការវិនិយោគរបស់សហរដ្ឋអាមេរិកក្នុងវិស័យប្រេង និងឧស្ម័ន ហេដ្ឋារចនាសម្ព័ន្ធ ថាមពលបៃតង និងវិស័យផ្សេងៗទៀត។
សម្ដេចតេជោ ហ៊ុន សែន បានធ្វើការកត់សម្គាល់ប្រកបដោយការពេញចិត្តចំពោះការលើកឡើងរបស់ លោកស្រី ស៊ើមែន និងបានសម្តែងនូវការកោតសរសើរចំពោះការចូលរួមចំណែករបស់សហរដ្ឋអាមេរិក នៅក្នុងដំណើរការស្វែងរកសន្តិភាពនិងការអភិវឌ្ឍសេដ្ឋកិច្ចជាបន្តបន្ទាប់នៅកម្ពុជា ជាពិសេសចំពោះកិច្ច ខិតខំប្រឹងប្រែងនាពេលថ្មីពិភពលោក (WHO)។ ឆ្លៀតក្នុងឱកាសនោះផងដែរ សម្តេចតេជោ បានសំដែងនូវអំណរសាទរចំពោះ រដ្ឋាភិបាលសហរដ្ឋអាមេរិកដែលបានទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យ ដូចដែលបានបង្ហាញឱ្យឃើញច្បាស់ តាមរយៈការចុះថយគួរឱ្យកត់សម្គាល់នូវចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃ នាពេលថ្មីៗនេះនៅសហរដ្ឋអាមេរិក។
ជាថ្មីម្តងទៀត – សម្តេចតេជោ បានបញ្ជាក់ច្បាស់អំពីស្ថានភាពនៅមូលដ្ឋានកងទ័ពជើងទឹក និងបាន រំលឹកពីការប្តេជ្ញាចិត្តដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការថែរក្សានិងការពារឯករា អព្យាក្រឹត និង អធិបតេយ្យភាពរបស់ខ្លួន ទាំងនយោបាយផ្ទៃក្នុងប្រទេស និង កិច្ចការបរទេស។
សម្ដេចតេជោ បានស្នើឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក ពិនិត្យពិចារណាដោះស្រាយបំណុលដែលកម្ពុជាមាន ចំពោះសហរដ្ឋអាមេរិក តាមវិធីទ្វរភាគី៖
ទី១) អនុញ្ញាតឲ្យកម្ពុជាសងប្រាក់បំណុលនេះតាមកម្មវិធីសងឡើងវិញបន្តិចម្តងៗ
ទី២) សងបំណុលតាមកម្មវិធីដែលមានការប្រាក់មិនលើសពី១ភាគរយ និង
ទី៣) បំណុលដែលកម្ពុជាជំពាក់សហរដ្ឋអាមេរិកគឺសំណងចំនួន៧០%ត្រូវបង្វិលមកធ្វើជាជំនួយ ដល់កម្ពុជាវិញ ទៅលើវិស័យអប់រំ វិស័យវប្បធម៌ វិស័យដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ជាដើម។
សម្ដេចតេជោ បានជម្រាបជូន លោកស្រី ស៊ីមែន ពីការប្តេជ្ញារបស់រាជរដ្ឋាភិបាលចំពោះកម្មវិធីមាតុភូមិ និវត្តពលរដ្ឋលើការបញ្ជូនជនជាតិកម្ពុជាពីសហរដ្ឋអាមេរិកមកកម្ពុជាវិញ ដោយផ្អែកលើគោលការណ៏គោរព សិទ្ធិមនុស្ស លើទិដ្ឋភាពមនុស្សធម៌ និង មេត្តាករុណាធម៌។
ជាការឆ្លើយតប លោកស្រី បានថ្លែងអំណរគុណ សម្តេចតេជោនាយករដ្ឋមន្ត្រី ចំពោះកិច្ចសហប្រតិបត្តិការ ទ្វេភាគីនៅលើគ្រប់វិស័យ ហើយលោកស្រីបានសន្យាថា នឹងយកសំណើនានាដែលបានលើកឡើងដោយ សម្ដេចតេជោ ទៅជម្រាបជូន លោកប្រធានាធិបតី ចូ បដិន ៕
ដោយ, សុខ ខេមរា