ភ្នំពេញ៖ បុរសម្នាក់បានឈ្លោះគ្នាជាមួយប្រពន្ធ ហើយដោយទំនងជាខឹងធ្វើអីប្រពន្ធមិនបានដាច់ចិត្តលោតសម្លាប់ខ្លួន ពីលើផ្ទះជាន់ទី២ មកដល់ដីតែសំណាងមិនស្លាប់បានត្រឹមបាក់ឆ្អឺង ក របួសធ្ងន់ត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ ។
ហេតុការណ៍នេះកើតឡើងកកាលពីម៉ោង២ រសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅ ផ្ទះមួយកន្លែង តាមបណ្តោយផ្លូវ លេខ១៦៣ជាប់ហាងបរកែវ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន។
ក្រុមគ្រួសារជនរងគ្រោះ បានឲ្យដឹងថា បុរសដែលលោតពីលើផ្ទះព្រោះតែខឹងនឹងប្រពន្ធនោះមានឈ្មោះ លាង សំបូរ អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅកន្លែងកើតហេតុខាងលើ។ លាង សំបូរ ជាអ្នកញៀនថ្នាំជាង ២ឆ្នាំហើយ តែងតែបង្កបញ្ហាដល់ក្រុមគ្រួសារស្ទើរ រៀងរាល់ថ្ងៃ ។លុះ មកដល់ថ្ងៃ ទំនងជាថ្នាំញៀនធ្វើទុក្ខក៏បានលោតពីលើផ្ទះជាន់ទី២ទៅដី តែបាន ទាក់ខ្សែភ្លើង ខ្ទាតទៅលើសំយាបផ្ទះគេ បណ្តាលអោយបាក់ឆ្អឹងករបួសធ្ងន់តែម្តង។ដោយសារមានរបួសធ្ងន់បែបបនេះ ក្រុមគ្រួសារក៏បានបញ្ជូនទៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត ភ្លាមៗ។
ចំណែកសាក្សីរស់នៅក្បែរកន្លែងកើតហេតុបាននិយាយថា ដំបូងឡើយជនរងគ្រោះ និងប្រពន្ធមានការ ឈ្លោះប្រកែកគ្នា នៅក្នុងផ្ទះ ប៉ុន្តែមិនដឹងឈ្លោះរឿងអី? មួយសន្ទុះស្រាប់តែឃើញបុរសនេះ លោតពីលើផ្ទះចុះមកដី ទាក់ខ្សែភ្លើងខ្ទាតទៅសំយាបផ្ទះគេរមៀលធ្លាក់ដល់ដី រងរបួសធ្ងន់តែម្តង។
បច្ចុប្បន្នជនរងគ្រោះកំពុងព្យាបាលនៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត ក្រោមការហួស ចិត្តពីប្រពន្ធដែលនិយាយថា ចាស់ហើយមានគំនិតឆ្កួតៗ មិនចេះគិតវែងឆ្ងាយ រឿងតិចតួចសោះចង់សម្លាប់ខ្លួនមិនអាណិតប្រពន្ធកូន ៕
ដោយ៖ ប្រាថ្នា