ខេត្តបន្ទាយមានជ័យ៖ មនុស្ស២នាក់បានស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ នៅក្នុងហេតុកការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើងពីរករណីផ្សេង ដោយម៉ូតូបុកជាមួយគោយន្តកន្ត្រៃនិងករណីមួយទៀតរថយន្តបុកជាមួយគោយន្តកន្ត្រៃ នៅក្នុងភូមិរហាល ឃុំរហាល ស្រុកព្រះនេត្រព្រះ ។
លោក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងងថា នៅវេលាម៉ោង០៧និង២០នាទីយប់ថ្ងៃទី២ខែមិថុនា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិរហាល ឃុំរហាល ស្រុកព្រះនេត្រព្រះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ដោយម៉ូតូបុកជាមួយគោយន្តបណ្តាលឲ្យមនុស្សៗនាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ ។
លោកបញ្ជាក់ថា អ្នកបើកបរគោយន្តកន្ត្រៃ ឈ្មោះ ផាត ប៊ុននី ភេទប្រុស អាយុ៤៣ឆ្នាំរស់នៅភូមិរហាល ឃុំរហាល ស្រុកព្រះនេត្រព្រះ បើកបរក្នុងទិសដៅខាងកើតទៅ ទិសខាងលិច មកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្លងផ្លូវទៅខាងឆ្វេងដៃ ដើម្បីប្តូរទិស ស្របពេលនោះមានម៉ូតូ ១គ្រឿងម៉ាក ហុងដាទ្រីម C125 ពណ៌ខ្មៅស៊េរីឆ្នាំ២០២០ពាក់ស្លាកលេខ បន្ទាយមានជ័យ 1V-7980 បើកបរដោយឈ្មោះ រស់ សាវង្ស ភេទប្រុស អាយុ ៥៣ឆ្នាំរស់នៅភូមិ ជើងវត្ត ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ សង្ស័យមានជាតិស្រវឹងនិងមានអ្នករួមដំណើ១នាក់ ឈ្មោះ ហួត ស្រួចភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិប៉ោយស្វាយ ឃុំរហាល ស្រុកព្រះនេត្រព្រះ បើកបរមកពីទិសខាងលិចទៅទិសខាងកើត ក៏បានបុកចំកណ្ដាលទ្រុងគោយន្តចំហៀងខាងស្តាំបណ្តាលឲ្យក្រឡប់ អ្នកបើកបរម៉ូតូរងរបួសធ្ងន់ ក្រោយមកបានស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្ត មិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី និងអ្នករួមដំណើររងរបួសធ្ងន់ អ្នកបើកបរគោយន្តរបួសស្រាល ម៉ូតូខូចផ្នែកខាងមុខធ្ងន់។ មូលហេតុបង្កឲ្យមានគ្រោះថ្នាក់ អ្នកបើកបរគោយន្តប្តូរគន្លងខ្វះការប្រុងប្រយ័ត្ន ចំណែកអ្នកបើកម៉ូតូមានល្បឿនលឿន សង្ស័យមានជាតិស្រវឹង។
មួយករណីទៀត នៅលើកំណាត់ផ្លូវជាតិលេខ៦ ចម្ងាយ៥០ម៉ែត្រខាងកើតប៉ុស្តិ៍រដ្ឋបាល ឃុំរហាលស្ថិតក្នុងភូមិរហាល ឃុំរហាល ស្រុកព្រះនេត្រព្រះ នេះដែរ គ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាងរថយន្តបុជាមួយគោយន្តកន្ត្រៃ នៅវេលាម៉ោង០៣ទាបភ្លឺ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ បណ្តាលឲ្យស្លាប់១នាក់ នៅមន្ទីរពេទ្យ ។
លោក មាស ប្ញទ្ធី អធិការនរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា មុនកើតហេតុមានរថយន្ត១គ្រឿងម៉ាកHINO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3B-8905 បើកបរពីទិសខាងកើតទៅទិសខាងលិច មកដល់ចំណុចកើតហេតុខាងលើបានបុកនិងគោយន្តកន្រ្តៃដែលកំពុងបើកបរស្របទិសគ្នានៅពីមុខដោយមានភ្លើងបំភ្លឺក្រោយ ចំពីខាងក្រោយពេញទំហឹង បណ្តាលឲ្យឈ្មោះម៉ោញ មេន ភេទប្រុសអាយុ២៣ឆ្នាំ នៅភូមិថ្មី ឃុំផ្កាឈូក ស្រុកអង្គរជុំ ខេត្តសៀមរាប រងរបួសធ្ងន់ ក្រោយមកបានស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្ត មិត្តភាព កម្ពុជា ជប៉ុន នៅស្រុកមង្គលបូរី ។អ្នកបើកបររថយន្ត ឈ្មោះជឿន វាសនា ភេទប្រុសអាយុប្រហែល ២៩ឆ្នាំ នៅខេត្តកំពង់ចាម រត់គេចខ្លួន វត្ថុតាងគោយន្តនិងរថយន្តខូចស្រាល។មូលហេតុ បណ្តាលមកពីអ្នកបើកបរ រថយន្តមានល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ។ចំពោះវត្ថុតាងបង្កគ្រោះថ្នាក់ទាំង០២ករណីនេះ កម្លាំងជំនាញ បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ ដើម្បីរងចាំធ្វើការដោះស្រាយ នៅពេលក្រោយ ចំណែកសពជនរងគ្រោះទាំអ០២នាក់ ត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ វណ្ណា