ខេត្តក្រចេះ៖ មន្ទីរវប្បធម៌ខេត្តក្រចេះ គ្រោងរៀបចំផ្ទះសសរ ១០០ធ្វើជាសារមន្ទីរខេត្តនៅពេលខាងមុខ ដើម្បីបន្សល់ទុកជាបេតិកភណ្ឌជាតិ សម្រាប់ឱ្យកូនខ្មែរជំនាន់ក្រោយបានសិក្សាស្វែងយល់។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានកម្ពុជា។
បេីតាមការលេីកឡេីងរបស់អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តក្រចេះ លោកស្រី ហ៊ុក ផល្លីនី បានមានប្រសាសន៍ថា៖ កន្លងមកនេះមន្ទីរបានធ្វើការប្រមូលវត្ថុបុរាណពីវត្តចំណាស់ៗជាច្រើននិងវត្ថុបុរាណដែលបានបាក់បែកពីទីទួលប្រាសាទនានាដែលមានអាយុកាលរាប់រយឆ្នាំ យកមករក្សាទុកនៅសារមន្ទីរខេត្តដើម្បីដាក់តាំងបង្ហាញជូនភ្ញៀវទេសចរជាតិនិងអន្តរជាតិបានចូលទស្សនា។
លោកស្រីអនុប្រធានមន្ទីរវប្បធម៌ បានបន្ថែមទៀតថា បច្ចុប្បន្នក្រោមការចង្អុលបង្ហាញពីថ្នាក់ដឹកនាំជាន់ខ្ពស់សារមន្ទីរជាតិ បានគ្រោងដាក់ផ្ទះសសរ១០០ ជាទីតាំងថ្មីជំនួសសារមន្ទីរខេត្តចាស់ បន្ទាប់ពីការតាំងពិព័រណ៍ផ្ទះសសរ១០០ចប់ រួចរាល់នាពេលខាងមុខ។
លោកស្រី ហ៊ុក ផល្លីនី បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ “ហើយតទៅមុខទៀត ក្រសួងមានគម្រោង ធ្វើជាសារមន្ទីរខេត្ត នៅពេលដែលចប់តាំងពិព័រណ៍ អ៊ីចឹងមន្ទីរវប្បធម៌ខេត្តនឹងបញ្ជូនវត្ថុបុរាណ ពីក្នុងសារមន្ទីរវប្បធម៌ ទៅដាក់នៅផ្ទះសសរ ១០០ ហ្នឹងតែម្តង គឺយើងធ្វើជាសារមន្ទីរវប្បធម៌នៅផ្ទះសសរ១០០។
បន្ថែមពីនេះ អនុប្រធានមន្ទីរវប្បធម៌រូបនេះ បានបញ្ជាក់ទៀតថា ក្រុមការងារមន្ទីរ នឹងធ្វើការ ផ្សព្វផ្សាយឱ្យបានទូលំទូលាយពីរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្ត ក្រុងក្រចេះ ដ៏ចំណាស់មានទាំងផ្ទះសសរ១០០និងវត្ថុបុរាណចំណាស់ដទៃទៀត ដែលមានអាយុកាលជាង១០០ឆ្នាំឡើងទៅ”។
គួរបញ្ជាក់ថា ផ្ទះបុរាណសសរ១០០ មួយនេះ មានអាយុកាលជាង២០០ឆ្នាំស្ថិតនៅភូមិកណ្តុរ ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ ត្រូវបានរុះរើពីថ្ងៃ២១ ខែមិថុនា ឆ្នាំ២០២០ ហេីយមកសាងសង់ឡើងវិញ នៅក្នុងបរិវេណខាងលិចវិហារបុរាណវត្តរការកណ្តាល ក្រុងក្រចេះ ដោយសាងសង់ចប់រួចរាល់នៅថ្ងៃទី១២ ខែមេសាឆ្នាំ២០២១កន្លងទៅថ្មីៗនេះ៕ប្រភពពី៖ ក្រសួងព័ត៌មាន