អាជ្ញាធរខណ្ឌច្បារអំពៅចុះពិនិត្យបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយតាមដងទន្លេ

ចែករំលែក៖

ភ្នំពេញ៖ អនុវត្តតាមស្មារតីនៃសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ និងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌច្បារអំពៅ ចុះថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ស្តីពីការរុះរើឬចល័តបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ លោករស់ សុភ័ក្ត អភិបាលរង តំណាងលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានដឹកនាំមន្ត្រីក្រុមការងារចុះពិនិត្យ និងចែកសេចក្តីជូនដំណឹងដល់អ្នករស់នៅលើបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេ ក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ ។
ក្នុងយុទ្ធនាការថ្ងៃដំបូងនេះដែរលោកអភិបាលរងខណ្ឌបានដឹកនាំក្រុមការងារចុះត្រួតពិនិត្យណែនាំដល់អ្នករស់នៅលើបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹកចំនួន៣ទីតាំង គឺទីតាំងទី១-នៅមុខវត្តព្រែកប្រា ក្នុងសង្កាត់ព្រែកប្រា ព្រំប្រទល់ជាមួយសង្កាត់ព្រែកថ្មី ដែលមានបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹកច្រើនជាងគេ , ទីតាំងទី២-នៅមាត់ទន្លេបាសាក់ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ មានផ្ទះទូកតូចៗជាច្រើនឈប់ចតនៅមាត់ច្រាំងទន្លេ និង ទីតាំងទី៣-នៅចំណុចដៃទន្លេមេគង្គក្រោមស្ថិតក្នុងសង្កាត់ព្រែកឯងនិងសង្កាត់ក្បាលកោះ ។
បន្ទាប់ពីបានអានខ្លឹមសារនៅក្នុងសេចក្តីជូនដំណឹងនិងបានស្តាប់ការពន្យល់បន្ថែមពីលោកអភិបាលរងខណ្ឌមក អ្នករស់នៅលើបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេបានយល់ព្រមអនុវត្តតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីនិងរដ្ឋបាលខណ្ឌច្បារអំពៅ តែសុំពន្យារពេលថែមទៀតដើម្បីទុកពេលដើររកទីតាំងថ្មីដាក់កូនត្រីចិញ្ចឹម និងរើផ្ទះបណ្តែតទឹកចេញ ព្រោះនៅក្នុងបែនីមួយៗសុទ្ធតែកូនត្រីទើបនិឹងដាក់ចូលចិញ្ចឹម ។
ការស្នើសុំពន្យារពេលរុះរើ ឬចល័តបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ដែលជាសំណូមពររបស់អ្នករស់នៅលើទីតាំងទាំងអស់នេះ ត្រូវបានក្រុមការងារលើកយកមកពិចារណានិងសម្រេចនៅពេលក្រោយ ។
សូមបញ្ជាក់ថា យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌច្បារអំពៅចុះថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ចុះហត្ថលេខាដោយលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ គឺទុក រយៈពេល១សប្តាហ៍ឱ្យអ្នករស់នៅលើបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេរុះរើចេញដោយខ្លួនឯង បើមិនអនុវត្តតាមសេចក្តីជូនដំណឹងនេះទេ រដ្ឋបាលខណ្ឌនិងមានវិធានការរដ្ឋបាលដោយមិនទទួលខុសត្រូវរាល់ការខូចខាតឡើយ ៕

...

ដោយ៖  សណ្តោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print