ភ្នំពេញ៖ ថវិកាចំនួន៣០ម៉ឺនដុល្លារ(សាមសិបម៉ឺនដុល្លារ) ដែលជាថវិការបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបានផ្ដល់ជូនលោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដើម្បីនាំយកថវិកាទាំងនេះទៅបែងចែកនិងប្រគល់ជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះនិងងាយរងគ្រោះដោយជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។
ពិធីប្រគល់និងទទួលថវិកាដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែននេះ បានធ្វើឡើងនាព្រឹកថ្ងៃទី០៣ខែមិថុនាឆ្នាំ២០២១ ក្រោមវត្តមានលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញនិងលោកស្រីម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា នៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញុ។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖អំណោយដ៏ថ្លៃថ្លារបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រានី ហ៊ុនសែនចំនួន៣០ម៉ឺនដុល្លារសហរដ្ឋអាមេរិកនេះ ក្នុងនាមរដ្ឋបាលរាជធានីនិងក្នុងនាមសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ នឹងយកទៅចែកជូនដល់ដៃបងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះនិងរងគ្រោះនៅរាជធានីភ្នំពេញឱ្យបានទាន់ពេលវេលា ។ លោក ឃួង ស្រេង បានប្ដេជ្ញាចិត្តថា នឹងយកថវិកាទាំងនេះទៅបែងចែកឲ្យចំទិសដៅ មិនឲ្យសម្ដេច
កិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ខុសបំណងនោះទេ ។
លោកបញ្ជាក់ថា ពាក់ព័ន្ធនឹងសកម្មភាពមនុស្សធម៌នេះ ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ ដូចជាក្នុងនាមសាខាកាកបាទក្រហមរាជធានីភ្នំពេញនិឹងដើរកៀរគរសប្បុរសជនបន្ថែមទៀតដើម្បីរកចំណូលឲ្យបានច្រើនយកទៅប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះ ពិសេសក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍២០កុម្ភៈនេះ ។
លោកបញ្ជាក់ថា ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ បាននាំយកអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន អំណោយកាកបាទក្រហមកម្ពុជា និងសប្បុរសជននានាទៅចែកជូនប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះបានចំនួនជាង៤៥ម៉ឺនគ្រួសារហើយគិតមកដល់ពេលនេះ។សកម្មភាពនៃការផ្ដល់អំណោយចែកជូនប្រជាពលរដ្ឋក្នុងស្ថានភាពកូវីដ-១៩នេះ ប្រជាពលរដ្ឋមួយចំនួនធំត្រូវបានអាជ្ញាធររាជធានីភ្នំពេញ យកទៅប្រគល់ជូនដល់ខ្នងផ្ទះតែម្ដង ព្រោះយើងការពារខ្លាចឆ្លងរីករាល ដាលជំងឺកូវីដ-១៩នេះបន្ថែមទៀត ដែលសកម្មភាពបែបនេះមិនទាន់មានប្រទេសណាមួយអាចធ្វើបានដូចប្រទេសកម្ពុជាយើងនៅឡើយទេ ។
ជាការឆ្លើយតបលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា បានមានប្រសាសន៍លើកឡើងផងដែថា ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ឃើញថារដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានខិតខំប្រឹងប្រែងខ្លាំងណាស់ ដោយមិនបានគិតថាជាពេលយប់ឬថ្ងៃឡើយ ដើម្បីកាត់ផ្ដាច់ឱ្យបាននូវការរីករាលដាលនៃជំងឺកូវីដ-១៩នេះ ពិសេសនៅក្នុងអំឡុងនៃការបិទខ្ទប់រាជធានីភ្នំពេញ។
ក្រៅពីមានវិធានការបិទខ្ទប់ លោក ឃួង ស្រេង ក៏បាននាំយកអំណោយមនុស្សធម៌របស់សម្ដេចតេជោហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន និងអំណោយរបស់សប្បុរសជននានាផ្សេងទៀត ទៅប្រគល់ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់នៅក្នុងរាជធានីភ្នំពេញបន្ថែមទៀត ដោយលោកស្រីបញ្ជាក់ថា បើលោកអភិបាលរាជធានីភ្នំពេញមិនមានសុខភាពរឹងមាំខ្លាំងក្លាទេ គឺមិនអាចអនុវត្តការងារទាំងយប់ទាំងថ្ងៃបានល្អប្រសើរដូច្នេះបានទេ ៕
ដោយ៖ សំរិត