អាជ្ញាធរ​ថៃ​ តួលេខ​អ្នកឆ្លងជំងឺកូវីដ-១៩ថ្មី​ ថ្ងៃ​នេះ! ​ មានចំនួន​ ៣,៨៨៦នាក់​,​ ខណៈ​អ្នកជំងឺកូវីដ​ស្លាប់​ ៣៩នាក់បន្ថែមទៀត​

ចែករំលែក៖

អន្តរជាតិ​៖ បើតាមសារព័ត៌មានថៃ Bangkok Post បានដកស្រង់ចេញផ្សាយពី​​មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 នៃប្រទេសថៃ (CCSA) នៅថ្ងៃព្រហស្បតិ៍ទី០៣ ខែមិថុនា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៣,៨៨៦ករណីបន្ថែមទៀត នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ហើយភាគច្រើនជាករណីឆ្លងក្នុងស្រុកផ្ទាល់ ដោយមានតែ៤៩ករណីប៉ុណ្ណោះ ជាករណីនាំចូល។

ជាក់ស្ដែង​មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 បានបន្ថែម​ថា នៅក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ២,៦៥៦ករណី ត្រូវបានរកឃើញនៅលើប្រជាជនទូទៅ ខណៈ១,២៣០ករណី ត្រូវបានរកឃើញនៅលើក្រុមអ្នកទោសតាមពន្ធនាគារ។ ដោយឡែក​រាជធានីបាងកក នៅតែជាកន្លែងរាយការណ៍ពីករណីឆ្លងថ្មីៗ ច្រើនជាងគេដដែល ជាមួយចំនួន៩៥៥ករណី។

បន្ថែមពីនេះ​ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន ៣៩នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅដូចគ្នា ហើយអ្នកជំងឺ៣,៦២៦នាក់ ទើបតែត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។​

បច្ចុប្បន្ន​បើគិតចាប់តាំងពីជំងឺ COVID-19 បានឆ្លងរីករាលដាលចូលមកដល់ជាលើកដំបូង កាលពីដើមឆ្នាំ២០២០ រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ១៦៩,៣៤៨ករណី ក្នុងនោះមានអ្នកស្លាប់ ១,១៤៦នាក់ និងអ្នកជាសះស្បើយ ១១៨,២០៤នាក់។

គួរបញ្ជាក់ថា​ សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការ COVID-19 វិញនោះ ប្រទេសថៃដែលមានប្រជាជនសរុបជិត ៧០លាននាក់ សម្រេចបានចំនួន ៣.៩៦លានដូសហើយ ក្នុងនោះមនុស្សយ៉ាងហោច ១លាននាក់ ចាក់បានគ្រប់ដូស៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print