ខេត្តព្រះសីហនុ៖ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ លោក យស់ ឆោម ណារ៉ាឌី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងឯកឧត្តម លី រស្មី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានអញ្ជើញប្រារព្ធពិធីក្រុង ពលីសុំម្ចាស់ទឹកម្ចាស់ដីលើកព្រះបដិមា ឧមាមហេស្វរ នៅរង្វង់មូលរាម មានទីតាំងស្ថិតនៅឃុំរាម ស្រុកព្រៃនប់ និងរូបសំណាកសីហរាជមុខបី នៅសួនច្បារមុខរោងចក្រស្រាបៀអង្គរ ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលក្រុងព្រះសីហនុ លោកអភិបាលស្រុកព្រៃនប់ និងប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០២១ ។
សូមបញ្ជាក់ថា ព្រះបដិមា ឧមាមហេស្វររង្វង់មូលរាម បានរៀបចំស្ថាបនាអស់ រយៈពេល ៦ខែមកហើយ ថ្ងៃនេះរដ្ឋ បាលខេត្តបានរៀបចំក្រុងពលីបួងសួង សុំសេចក្តីសុខ លើកព្រះបដិមាឧមាម ហេស្វរ សូន្យពីលោហធាតុ (ស្ពាន់) មានកម្ពស់ ៩ម៉ែត្រ និងបល្ល័ង្កកម្ពស់ ៧.៥០ម៉ែត្រ និងរូបសំណាក សីហរាជមុខបី សូន្យពីលោហធាតុ (ស្ពាន់) មានកម្ពស់ ១០.៩៤ម៉ែត្រ និងបល្ល័ង្កកម្ពស់ ៦.៣៦ ម៉ែត្រ ហើយរូបសំណាកទាំងពីរនេះផលិតក្នុងស្រុក ជាស្នាដៃកូនខ្មែរ ។
ក្នុងឱកាសនោះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បានធ្វើការណែនាំក្រុមការងារបច្ចេកទេសត្រូវធ្វើ ការកែសម្រួលសួនច្បារមុខរោងចក្រស្រា បៀរអង្គរ ឱ្យមានសោភ័ណភាព បរិស្ថានល្អ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋមកពីបណ្តារាជធានី ខេត្តក្នុងព្រះរាជាណាចក្រកម្ពុជា បានចូលមកលេងកម្សាន្តកាន់តែច្រើនឡើងថែមទៀត ម្យ៉ាងទៀតរូបសំណាកទាំងពីរនេះ ជាសមិទ្ធិផលថ្មីមួយទៀតសម្រាប់ខេត្តព្រះសីហនុ ដើម្បីជួយលើកកម្ពស់ដល់វិស័យទេសចរណ៍ខេត្តមាត់សមុទ្រកាន់តែមានភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរមកពីគ្រប់តំបន់ផងដែរ ៕
ដោយ៖ ឆ្លាម សមុទ្រ