សម្ដេចអគ្គមហាពញាចក្រី ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាមានរបៀបវារៈចំនួន ៤

ចែករំលែក៖

ភ្នំពេញ÷សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា តាមប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ ដើម្បីអនុម័តរបៀបវារៈ មួយចំនួន។

នៅក្នុងនោះកិច្ចប្រជុំបានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ និងសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា១៨ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មមាត្រា១៨ នៃច្បាប់ស្តីពីសវនកម្មនៃព្រះរាជាណាចក្រកម្ពុជា តាមសំណើរបស់រាជរដ្ឋាភិបាល ប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភា ពិនិត្យសិក្សា។

ជាមួយគ្នានេះ កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ បានអនុម័តយល់ព្រមលើសំណើលាឈប់ពីតួនាទី និងតំណែងប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់លោក ស៊ិក ប៊ុនហុក និងបានអនុម័តយល់ព្រម នូវសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកំណត់បែបបទ និងនីតិវិធីនៃការជ្រើសរើសបេក្ខជនប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងប្រគល់ភារកិច្ចជូនអគ្គលេខាធិការដ្ឋានរដ្ឋសភា ធ្វើសេចក្តីជូនដំណឹងជ្រើសរើសបេក្ខជន ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជំនួសឯកឧត្តម ស៊ិក ប៊ុនហុក។

គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ក៏បានអនុម័តបញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ នាពេលខាងមុខ នូវសេចក្តីព្រាងច្បាប់ចំនួន៤ ដែលគណៈកម្មការជំនាញរដ្ឋសភា ទើបបញ្ចប់ការពិនិត្យនិងសិក្សាមាន សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្មេថេក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍខ្សែបណ្តាញបញ្ជូនអគ្គិសនី តង់ស្យុង ៥០០គីឡូវ៉ុល ពីខេត្តបាត់ដំបង ទៅកាន់ព្រំដែនកម្ពុជា-ថៃ។ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្មេថេក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍខ្សែបណ្តាញបញ្ជូនអគ្គិសនី តង់ស្យុង ៥០០គីឡូវ៉ុល ពីរាជធានីភ្នំពេញ ទៅកាន់ព្រំដែនកម្ពុជា-ឡាវ។

សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន អគ្គិសនីវៀតណាមនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់ធានាលើការទិញថាមពលអគ្គិសនីពីប្រទេសវៀតណាម និងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ឆាយណា ណេសិនណល ហេវី ម៉ាស៊ីនណឺរី ខបភើរេសិន សម្រាប់គម្រោងអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ អានុភាព ១៥០មេហ្កាវ៉ាត់ ខេត្តកោះកុង។

ក្រៅពីនេះ អង្គប្រជុំបានអនុម័តយល់ព្រមលើសេចក្តីព្រាងរបាយការណ៍ស្តីពី សកម្មភាពការងាររបស់រដ្ឋសភាចន្លោះសម័យប្រជុំលើកទី៥ និងលើកទី៦ នីតិកាលទី៦ ដោយបានប្រគល់ភារកិច្ចដល់ អគ្គលេខាធិការដ្ឋានរដ្ឋសភា បន្តបញ្ចូលសកម្មភាពការងាររដ្ឋសភា រហូតដល់ថ្ងៃបើកសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ នាពេលខាងមុខ ផងដែរ៕

...

ដោយ៖  សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print