ខេត្តព្រៃវែង÷ ស្រី្តអ្នកជំងឺកូវីដ-១៩ម្នាក់ មានផ្ទៃពោះគ្រប់ខែ ហត់ ពិបាកដកដង្ហើម ស្ថិតក្នុងស្ថានភាពសង្រ្គោះបន្ទាន់ ត្រូវក្រុមគ្រូពេទ្យវះកាត់សង្គ្រោះកូនបានជោគជ័យកាលយប់ថ្ងៃទី៤ ខែមិថុនានេះ។
តាមប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែងបានឱ្យដឹងនៅព្រឹកថ្ងៃសៅរ៍នេះថា អ្នកជំងឺកូវីដ-១៩ ម្នាក់ដែលមានផ្ទៃពោះគ្រប់ខែផងនោះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។
លោកសេង បញ្ញារិទ្ធ ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែងបានឲ្យដឹងថា អ្នកជំងឺឈ្មោះ យ៉ាត ចេក អាយុ ២០ ភេទស្រី មានផ្ទៃពោះគ្រប់ខែ ដែលមានអាការៈហត់ ពិបាកដកដង្ហើម ក្អក ស្ថិតក្នុងស្ថានភាពសង្រ្គោះបន្ទាន់ ។
អ្នកជំងឺ មិនទាន់មានសញ្ញាឈឺពោះឆ្លងទន្លេនៅឡើយទេ . G3P1A1 ,SaO2 :89%, RR 35/mn P : 115/mn ,TA 138/ 90mmhg. ហើមជើង។
ដោយឃើញសភាពម្តាយកាន់តែធ្ងន់ធ្ងរទៅៗ លោកប្រធានមន្ទីរពេទ្យបានពិភាក្សា និងធ្វើការពិគ្រោះយោបល់គ្នាយ៉ាងយកចិត្តទុកដាជាមួយក្រុមគ្រូពេទ្យជំនាញ ដើម្បីជួយសង្រ្គោះកូននៅក្នុងផ្ទៃ និងបានសំណូមពរទៅក្រុមគ្រួសារអ្នកជំងឺដើម្បីវះកាត់សង្គ្រោះកូនដោយសារម្តាយមានសភាពធ្ងន់ធ្ងរ ។
ក្រុមគ្រូពេទ្យក៏បានសម្រេច វះកាត់យកកូនចេញ នៅវេលាម៉ោង ១០ និង៤០នាទីយប់ថ្ងៃទី0៤ ខែ មិថុនា ២០២១ ។ ការវះកាត់សង្គ្រោះកូនបានដោយជោគជ័យ គឺបានកូនប្រុស ទំងន់ ២,៨ kg ដែលកូនសុខភាពល្អធម្មតា ចំណែកម្តាយក្រោយពីបានវះកាត់យកចេញរួចរាល់ក្រុមគ្រូពេទ្យបានយកចិត្តទុកដាក់និងខិតខំសង្គ្រោះបន្តទៀត ៕
ដោយ៖ សូរិយា