ភ្នំពេញ៖ កម្មវិធីប្រកួតកាច់ដៃដំបូងបំផុតនៅកម្ពុជានឹងចាប់ផ្តើមប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦នេះដោយការចាប់ផ្តើមបើកការប្រកួតជ្រើសរើសជើងឯកប្រចាំខេត្តព្រះសីហនុ និងខេត្តសៀមរាប។ ការប្រកួតនឹងបន្តស្វែងរកជើងខ្លាំងខាងកាច់ដៃនៅគ្រប់២៥ខេត្តរាជធានី មុនពេលស្វែងរកម្ចាស់ជ័យលាភីលើ៣ទម្ងន់ផ្សេងៗពីគ្នា។
ការបញ្ជាក់ពីគម្រោងរៀបចំប្រកួតកាច់ដៃទ្រង់ទ្រាយធំលើកដំបូងនេះត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ នាសណ្ឋាគារ Intercontinental ក្រោមវត្តមាន តំណាងក្រុមហ៊ុន ដៃគូអាជីវកម្ម មន្ត្រីផ្នែកកីឡាជាច្រើនរូបផងដែរ។
កម្មវិធីប្រកួតជាលើកដំបូងនេះត្រូវបានធ្វើឡើងក្រោមកិច្ចសហការរវាងភេសជ្ជៈ M-150 សហការជាមួយក្រុមហ៊ុន Sayam International Co.,Ltd គឺចាប់ពីថ្ងៃទី២៨ ខែមីនា ដល់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៦ លើកលែងតែខេត្តត្បូងឃ្មុំ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីការ ប្រកួតកាច់ដៃ ដណ្តើមពាន់រង្វាន់ M-150 នៅទូទាំងប្រទេស ប្រចាំឆ្នាំ ២០១៦ លោក សាយ៉ាម រ៉ាម៉ាស៊ូត អគ្គនាយកក្រុមហ៊ុន Sayam International Co.,Ltd បានលើកឡើងថា កម្មវិធីនេះរៀបចំឡើង ក្នុងគោលបំណងឲ្យ សាធារណជនទូទៅ ជាពិសេសចំពោះអ្នក ដែលមានចំណាប់អារម្មណ៍ ជាមួយការ ប្រកួតកាច់ដៃ ឲ្យបានជ្រាបជាព័ត៌មាន និងចូលរួមបង្ហាញសមត្ថភាពរបស់ខ្លួនតាមរយៈការប្រកួតកាច់ដៃ។លោកបានបន្តថា ការប្រកួតនេះ និងចាប់ផ្តើមស្វែងរក បេក្ខជនដោយធ្វើការ ចុះទៅតាមបណ្ដា ខេត្តក្រុងទាំង ២៥ដើម្បីប្រកួតជម្រុះ និងជ្រើសរើសបេក្ខជន តំណាងខេត្តនីមួយៗ ចំនួន ៣នាក់ក្នុងប្រភេទទម្ងន់៣ខុសគ្នា ដែលមានប្រភេទ ទម្ងន់ស្រាល កណ្ដាល និងទម្ងន់ធ្ងន់ ដើម្បីធ្វើការប្រកួត ដណ្ដើមជើងឯក M-150 វគ្គផ្តាច់ព្រ័ត្តនៅភ្នំពេញ។
លោក សុខ ចាន់យ៉ា នាយកផ្នែកលក់ក្រុមហ៊ុន Sayam International Co.,Ltd បានលើកឡើងថា បេក្ខជនគ្រប់រូបអាច ចូលរួមប្រកួតបានដោយសេរីតែចាំបាច់ត្រូវគោរពតាមលក្ខខ័ណ្ឌដែលមានដូចជា ត្រូវមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ មានសញ្ជាតិខ្មែរ មានកាយសម្បទា រឹងមាំ និងមានទំនុកចិត្តលើខ្លួនឯង។ អ្នកមានចំណាប់អារម្មណ៍ អាចទៅដាក់ពាក្យ ដោយផ្ទាល់នៅតាមស្តង់ M-150 ដែលនឹងចុះទៅតាម បណ្ដារាជធានី-ខេត្ត។ លោកបានបញ្ជាក់ថា អ្នកណាក៏អាចចុះឈ្មោះ ចូលរួមប្រកួតបាន គ្រប់គ្នា មិនចាំបាច់តែកីឡាករ អាជីពនោះទេ ហើយបេក្ខជនដែល ចូលប្រកួតក្នុង ទម្ងន់ស្រាល គឺចាប់ពីកម្រិត ៥០គីឡូក្រាម, ទម្ងន់កណ្ដាល ៦៥គីឡូក្រាម និងទម្ងន់ធ្ងន់ ចាប់ពី៧០ ទៅ៨០គីឡូក្រាម។ អ្នកជាប់លេខ៣ បានទទួលរង្វន់ចំនួន ៣លានរៀល, លេខ២ ៦លានរៀល និងលេខ១ ១២លានរៀល៕ វឌ្ឍនា