ភ្នំពេញ, អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិ នៅយប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, រដ្ឋាភិបាលរបស់ប្រទេសនីហ្សេរីយ៉ាបាន បញ្ជាឱ្យក្រុមហ៊ុនផ្ដល់សេវាកម្មទូរសព្ទបិទកម្មវិធី Twitter ដោយមិនមានពេលកំណត់ បន្ទាប់ពីក្រុមហ៊ុននេះបានលុបចោលផុស (post) របស់លោកប្រធានាធិបតី Buhari កាលពីថ្ងៃពុធសប្តាហ៍នេះ។ នៅក្នុងសេចក្ដីប្រកាស រដ្ឋាភិបាលក៏បានធ្វើការចោទប្រកាន់ក្រុមហ៊ុនទំនាក់ទំនងសង្គមរបស់សហរដ្ឋអាមេរិកមួយនេះថា កម្មវិធីនេះត្រូវបានប្រើទាក់ទងទៅនឹងសកម្មភាពដែលនាំឱ្យអន្តរាយដល់ស្ថិរភាពរបស់ប្រទេសនីហ្សេរីយ៉ា។
អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិ បានបន្តថា បន្ទាប់ពីរដ្ឋាភិបាលបានប្រកាសបិទកម្មវិធី Twitter នៅល្ងាចថ្ងៃសុក្រ អ្នកប្រើប្រាស់ភាគច្រើនមិនអាចបើកប្រើកម្មវិធីនេះ នៅព្រឹកថ្ងៃសៅរ៍ ប៉ុន្តែអ្នកប្រើប្រាស់មួយចំនួនបានប្រើកម្មវិធី virtual private network (VPN) ដើម្បីអាចបន្តប្រើកម្មវិធី Twitter។ គួរបញ្ជាក់ដែរថា នាពេលបច្ចុប្បន្នមានអ្នកប្រើប្រាស់ប្រមាណជាង ៣៩លាននាក់ ដែលកំពុងប្រើកម្មវិធី Twitter នៅក្នុងប្រទេសនីហ្សេរីយ៉ា៕
ដោយ, សិលា