ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១នេះ លោក ស សុខា តំណាងដ៏ខ្ពង់ខ្ពស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ( ស.ស.យ.ក.) ដឹកនាំប្រជុំតាមដានវឌ្ឍនភាពការងារប្រចាំខែឧសភា និងលើកទិសដៅបន្តខែមិថុនា របស់ ស.ស.យ.ក. ខេត្តព្រៃវែង តាមប្រព័ន្ធ Zoom ។
លោកបានថ្លែងថា, សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ស.ស.យ.ក. ខេត្ត ស្រុក ក្រុង និងសមាជិក សមាជិកាទាំងអស់ ជាពិសេសក្រុមការងារចុះជួយស្រុក ក្រុងទាំង១៣ ចំពោះខិតខំប្រឹងប្រែងយ៉ាងសកម្ម និងការលះបង់ទាំងពេលវេលា កម្លាំងកាយចិត្ត និងថវិកាផ្ទាល់ខ្លួន ដើម្បីរួមចំណែកជួយដល់យុវជន និងប្រជាពលរដ្ឋនៅក្នុងខេត្តព្រៃវែង អោយកាន់តែប្រសើរឡើងថែមទៀត។
ក្នុងនោះស្នើសុំអោយ ស.ស.យ.ក. ខេត្ត ស្រុក ក្រុង និងក្រុមការងារចុះជួយស្រុក ក្រុង ព្រមទាំងសមាជិក សមាជិកាទាំងអស់ បន្តកិច្ចការងារមួយចំនួនទៀត ដើម្បីយុវជន និងប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង ដូចខាងក្រោម ៖
១. បន្តចូលរួមសកម្មភាពផ្សព្វផ្សាយសារអប់រំអំពីវិធានការសុខាភិបាល ដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន ដើម្បីការពារ ទប់ស្កាត់ និងបង្ការពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បើទោះបីជាកម្ពុជាយើង បាននិងកំពុងអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងក៏ដោយ ។
២. បន្តចូលរួមសហការជាមួយអាជ្ញាធរដែនដី ក្នុងការជួយរៀបចំបងប្អូនប្រជាពលរដ្ឋចំណាកស្រុក កំពុងតែធ្វើចត្តាឡីស័ក តាមមណ្ឌលនានា និងជួយឧបត្ថម្ភជាគ្រឿងឧបភោគ-បរិភោគ ឬសម្ភារៈប្រើប្រាស់ ឬសម្ភារៈការពារជំងឺកូវីដ-១៩ ជាដើម ។
៣. បន្តចុះធ្វើសកម្មភាពសម្អាតបរិស្ថានតាមបណ្តាស្ពាន ក៏ដូចជាតំបន់ប្រជុំនានា ដើម្បីបង្កើនសោភ័ណភាព និងផាសុកភាពប្រជាពលរដ្ឋ ។
៤. បន្តពន្យល់ណែនាំ និងផ្សព្វផ្សាយកុំឱ្យប្រជាពលរដ្ឋធ្វើចំណាកស្រុកទៅប្រទេសថៃ ព្រោះប្រទេសថៃ បច្ចុប្បន្ននេះ កំពុងតែប្រឈមនឹងជំងឺកូវីដ-១៩ ខ្លាំងដែរ ។
៥. បន្តជួយសម្របសម្រួលបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសគ្រោះមហន្តរាយធម្មជាតិ ដូចជា ៖ ខ្យល់ព្យុះ ខ្យល់កន្រា្តក់ ។ល។ និង។ល។
៦. បន្តបំផុសឱ្យបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន បង្កើនការដាំដុះបន្លែ ដំណាំហូបផ្លែ និងផលិតផលកសិកម្មនានា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ “បង្កើននូវការដាំដុះផលិតផលក្នុងស្រុក កាត់បន្ថយការនាំចូលផលិតផលដែលមានសារជាតិគីមីពីបរទេស”៕