មន្ត្រីអង្គការសុខភាពពិភពលោក WHO បានប្រកាសឱ្យដឹងថា អង្គការនេះមិនអាចបង្ខំឲ្យចិនផ្តល់ព័ត៌មានណាមួយបន្ថែមទៀតឡើយស្តីពីប្រភពកូវីដ-១៩។
នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃទី៧ខែមិថុនា អ្នកសារព័ត៌មាន បានចោទសួរថា តើអង្គការសុខភាពពិភពលោក អាចស្នើឲ្យចិនបង្ហាញពីប្រភពកូវីដ-១៩បន្ថែមទៀតបានដែរឬទេ? អគ្គនាយកកម្មវិធីសុខភាពបន្ទាន់ របស់WHO លោក Kike Ryan បានបញ្ជាក់ថា «យើងមិនមានសិទ្ធិនៅក្នុងការដាក់គំនាបឲ្យអ្នកណាម្នាក់ ក្នុងនោះមានចិនជាដើម លើបញ្ហាកូវីដ-១៩នោះឡើយ»។
លោក Mike Ryan បានបញ្ជាក់ថា «យើងសង្ឃឹមថានឹងទទួលបានកិច្ចសហប្រតិបត្តិការ និងជួយដល់បណ្តាប្រទេសជាសមាជិករបស់អង្គការ WHO »។ ការលើកឡើងខាងលើរបស់ WHO កើតឡើងក្រោយពេលដែលប្រទេសជាច្រើន បានដាក់គំនាបឱ្យបើកការស្រាវជ្រាវបន្ថែមធ្វើឲ្យច្បាស់លាស់ពីប្រភពកូវីដ-១៩ ។
កាលពីថ្ងៃទី២៧ ខែឧសភា អាមេរិក បានអំពាវនាវដល់អង្គការWHO បើកការស្រាវជ្រាវ ដំណាក់កាលទីពីរ ស្តីពីប្រភពកូវីដ-១៩ ។ ទីក្រុងវ៉ាស៊ីនតោនចង់ឲ្យការស្រាវជ្រាវលើកទីពីរធ្វើឡើងដោយឯករាជ្យ ក្នុងនោះមានការស្រាវជ្រាវទៅលើមន្ទីរពិសោធន៍របស់ចិន។
ប្រភពកូវីដ-១៩ បានក្លាយទៅជាវិវាទទ្រង់ទ្រាយធំរវាងអាមេរិកនិឹងចិន ។ អាមេរិក តែងតែលើកឡើងថា ប្រភពកូវីដ-១៩ លេចចេញពីមន្ទីរពិសោធន៍នៅទីក្រុងវូហានប្រទេសចិន៕
រូបភាព៖ VTC