ក្រុមហ៊ុន Moderna៖​ ដើម្បីឲ្យអនុម័តចាក់វ៉ាក់សាំង លើមនុស្សវ័យចាប់ពី ១២-១៧ឆ្នាំ​ បានដាក់ពាក្យស្មើសុំទៅអឺរ៉ុប និងកាណាដា

ចែករំលែក៖

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃអង្គារ ទី០៨ ខែមិថុនា ឆ្នាំ២០២១នេះ​ បានចុះផ្សាយថា​ ក្រុមផលិតឱសថអាមេរិក Moderna បានប្រកាសថា ខ្លួនបានដាក់ពាក្យរួចហើយ ទៅកាន់និយ័តករឱសថនៃសហភាពអឺរ៉ុប និងប្រទេសកាណាដា ដើម្បីស្នើសុំឲ្យពួកគេអនុម័តការប្រើប្រាស់ វ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុននេះ ទៅលើក្រុមមនុស្សវ័យជំទង់ (១២-១៧ឆ្នាំ)។

ជាក់ស្ដែង​ក្រុមហ៊ុន Moderna កាលពីថ្ងៃចន្ទម្សិលមិញនេះ​ បានបញ្ជាក់យ៉ាងដូច្នេះថា៖ ខ្លួនមានគម្រោងដាក់ពាក្យស្មើសុំ ទៅកាន់រដ្ឋបាលឱសថ និងចំណីអាហារសហរដ្ឋអាមេរិក (FDA) និងនិយ័តករនានានៅទូទាំងពិភពលោក ដើម្បីឲ្យពួកគេអនុម័ត ការប្រើប្រាស់វ៉ាក់សាំងបង្ការ COVID-19 មួយនេះនៅក្នុងករណីបន្ទាន់ លើមនុស្សវ័យជំទង់អាយុចាប់ពី ១២ឆ្នាំ ដល់ ១៧ឆ្នាំ។

គួរជម្រាបថា វ៉ាក់សាំង Moderna កាលពីពេលកន្លងមកនេះ ត្រូវបានអនុម័តឲ្យប្រើប្រាស់ នៅក្នុងសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងកាណាដា តែចំពោះមនុស្សអាយុចាប់ពី ១៨ឆ្នាំឡើងទៅប៉ុណ្ណោះ។

ដោយ​ឡែក​សម្រាប់ការចាក់វ៉ាក់សាំងដល់មនុស្សវ័យក្មេង ត្រូវបានគេមើញឃើញថា ជាជំហានបន្ទាប់ដ៏សំខាន់ ដែលអាចនាំឲ្យសហគមន៍ទាំងមូល កសាងភាពសុំាកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីទប់ទល់នឹង COVID-19។

គួរបញ្ជាក់ថា​ សម្រាប់វ៉ាក់សាំងដែលសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានអនុម័តឲ្យប្រើទៅលើក្មេងជំទង់អាយុចាប់ពី ១២ឆ្នាំ ដល់ ១៧ឆ្នាំរួចទៅហើយនោះ គឺវ៉ាក់សាំង Pfizer-BioNTech។ វ៉ាក់សាំងអាមេរិក-អាល្លឺម៉ង់មួយនេះ បានឆ្លងកាត់ការធ្វើតេស្ត និងបង្ហាញប្រសិទ្ធភាព ១០០% ក្នុងការការពារក្រុមមនុស្សវ័យជំទង់ខាងលើ មិនឲ្យឆ្លងជំងឺ COVID-19៕ដោយ​៖ស​ តារា​

...

រូបថត​៖​ SHUTTERSTOCK.COM

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print