ខេត្តសៀមរាប: រដ្ឋបាលខេត្ត សូមស្នើឱ្យ លោក វ៉ាន់ វាសនា ចូលរួមសហការជាមួយក្រុមគ្រូពេទ្យ ធ្វើតេស្តស្រាវជ្រាវរកជំងឺកូវីដ-១៩ និងអំពាវនាវដល់បងប្អូនសាធារណជនដែលបានឃើញ សូមរាយការណ៍ជាបន្ទាន់មករដ្ឋបាលខេត្ត ឬអាជ្ញាធរមូលដ្ឋាន។
រដ្ឋបាលខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ក្នុងព្រឹត្តិការណ៍ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍២០កុម្ភៈ ខេត្តសៀមរាប បានរកឃើញការឆ្លងរាលដាលជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ ក្នុងសហគមន៍ស្រុកសូទ្រនិគម និងស្រុកជីក្រែង ដែលករណីនេះគឺជាការឆ្លងក្នុងសហគមន៍ និងមានប្រភពនៃការចម្លង ចេញពីភោជនីយដ្ឋានពិភពធម្មជាតិ ស្ថិតនៅភូមិកកោះ ឃុំ-គោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។
ទន្ទឹមគ្នានេះ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារស្រាវជ្រាវ រកឃើញថា លោក វ៉ាន់ វាសនា អាយុ២៧ឆ្នាំ មានទីកន្លែងកំណើតនៅភូមិល្វា ឃុំកំពង់ឬស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ជាបុគ្គលមានទំនាក់ទំនងផ្ទាល់ ជាមួយបុគ្គលិកវិជ្ជមានជំងឺកូវីដ-១៩ នៅភោជនីយដ្ឋានពិភពធម្មជាតិ។ សមត្ថកិច្ច ក៏បានចុះមកដល់អាស័យដ្ឋានបណ្តោះអាសន្នរបស់បុគ្គលនេះ នៅបន្ទប់ជួល ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុង-សៀមរាប(ក្រោយសណ្ឋាគារអង្គរអេរ៉ា) តែបុគ្គលនេះ មិនបានសហការ និងបានរត់គេចខ្លួនបាត់។
រដ្ឋបាលខេត្ត សូមអំពាវនាវដល់លោក វ៉ាន់ វាសនា សូមរួសរាន់សហការជាមួយសមត្ថកិច្ច និងក្រុមគ្រូពេទ្យ (មណ្ឌលចត្តាឡីស័កគរុកោសល្យ និង វិក្រឹតការខេត្ត) ដើម្បីយកសំណាកធ្វើតេស្តស្រាវជ្រាវជំងឺកូវីដ-១៩ កុំបីខាន។ ជាមួយគ្នានេះ ចំពោះបងប្អូនដែលបានពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលជាមួយ លោក វ៉ាន់ វាសនា សូមរួសរាន់ធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ និងតាមដានសុខភាព ក្នុងករណីសង្ស័យ ឬមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។ បុគ្គលទាំងឡាយណាមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក ឬគេចវេច មិនសហការជាមួយសមត្ថកិច្ចក្នុងការយកសំណាក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ជាមួយគ្នានេះ រដ្ឋបាលខេត្ត សូមអំពាវនាវដល់សាធារណជន ដែលបានឃើញ លោក វ៉ាន់ វាសនា សូមរាយការណ៍មករដ្ឋបាលខេត្ត តាមរយៈលេខទូរស័ព្ទ ០១១ ៦៦៦ ៨៣៨ / ០៨៥ ២២២ ៣៧៤ ឬ អាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត។
រដ្ឋបាលខេត្ត សង្ឃឹមយ៉ាងមុតមាំថា លោក វ៉ាន់ វាសនា និងបងប្អូនប្រជាពលរដ្ឋ ចូលរួមសហការតាមស្មារតីនៃសេចក្តីប្រកាសព័ត៌មាននេះ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល៕
ដោយ, សិលា