ខេត្តរតនគិរី ៖ បន្ទាប់ពីរាជរដ្ឋាភិបាលចេញសេចក្ដីសម្រេចលេខ០៩ ស.ស.រ ស្ដីពីការរៀបចំ និងប្រព្រឹត្តទៅនៃគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើនានានៅភាគឦសាននៃប្រទេស ហើយស្រាវជ្រាវរកអ្នកពាក់ព័ន្ធនឹងសកម្មភាពកាប់ឈើនាំចេញល្មើស ច្បាប់ចាប់ជនល្មើស និងវត្ថុតាងនៃបទល្មើសព្រៃឈើរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការ តាមនីតិវិធីសហការជាមួយវៀតណាម និងឡាវ ដើម្បីមានសហប្រតិបត្តិល្អ និងមានប្រសិទ្ធភាពក្នុងករណីចាំបាច់ ហើយឲ្យបូកសរុបអំពីលទ្ធផលការងាររបស់គណៈកម្មាធិការជាតិជូន រាជរដ្ឋាភិបាល និងបំពេញភារកិច្ចផ្សេងដែលរាជរដ្ឋាភិបាលប្រគល់ជូន។
ក្រោយពីមានសេចក្ដីសម្រេចនោះមក ក្រុមការងារនៃគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ បានចេញប្រតិបត្តិការយ៉ាងសកម្ម បំពេញតួនាទីគត់មត់ ដោយបានបង្ក្រាប បទល្មើសព្រៃឈើជាច្រើនករណី និងបានដាក់ពាក្យបណ្ដឹង និងឃាត់ខ្លួនអ្នកពាក់ព័ន្ធជាច្រើននាក់។
ទោះជាយ៉ាងនេះក្ដី រហូតមកដល់ពេលនេះ គណៈកម្មការជាតិ និងគណៈកម្មាធិការថ្នាក់ក្រោមជាតិនៅខេត្តរតនគិរីពុំទាន់អនុវត្តន៍ គ្រប់ជ្រុងជ្រោយនោះទេ ដោយគេសង្កេតឃើញថា ការអនុវត្តន៍តាមសេចក្ដីសម្រេចខាងលើនោះគណៈកម្មការថ្នាក់ខេត្តបានអនុវត្តន៍ តែតាមបណ្ដាក្រុមហ៊ុនមួយចំនួនតូចតែប៉ុណ្ណោះ។ ចំណែកឯតាមបន្ទាប់ព្រំដែនប្រទេសវៀតណាមតាមច្រករបៀងនានាដូចជា ច្រករបៀងភូមិចង ភូមិតាង៉ា ស្ថិតនៅក្នុងភូមិសាស្ត្រឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី នៅតែបន្ដសកម្មភាពយ៉ាងងងើលដដែល ដោយមិនខ្លាចច្បាប់នោះឡើយ។
ប្រជាពលរដ្ឋនៅតំបន់នោះបានផ្តល់ឲ្យអ្នកសារព័ត៌មានដឹងថា ពួកគាត់តែឃើមានគ្រឿងចក្រចូលមកដឹកនៅពេលយប់ និងសំឡេងរណាយន្តលាន់ឮរំពងពាសពេញព្រៃនៅពេលយប់ផងដែរ ហើយគេដឹកជញ្ជូនទៅប្រទេសវៀតណាម។
លោក ម៉ា វិចិត្រ អភិបាលស្រុកអូរយ៉ាដាវបានឲ្យដឹងថា ករណីនេះលោកបានចុះធ្វើការងារបានចំនួន៣លើករួចមកហើយ ថែមទាំងធ្វើរបាយការណ៍សុំគោលការណ៍ សុំកម្លាំងជំនាញ ពាក់ព័ន្ធនឹងថវិកា ដើម្បីធ្វើការចុះបង្ក្រាបយូរមកហើយ តែមកដល់ពេលនេះនៅមិនទាន់ធ្លាក់ គោលការណ៍មកទៀត។
ចំណែកលោក កែប កប់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី បានមានប្រសាសន៍តាមទូរស័ព្ទនៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ថា ករណីនេះលោកនឹងឲ្យកម្លាំងជំនាញចុះទៅមើល ៕