ខេត្តកំពង់ធំ, លោកស្រី ជិន គឹមអូននិងប្តី វិញ រ៉យ ក្លាយជាមេឈ្មួញឈើដ៏ធំ ក្នុងការប្រមូលទិញឈើពីប្រជាពលរដ្ឋផង ឈ្មួញផង ស្ទើរតែផ្តាច់មុខ ដែលបានកាប់បំផ្លាញដឹកចេញពីតំបន់ព្រៃរការ ខេត្តព្រះវិហារនិងតំបន់ព្រៃឡង់ ខេត្តកំពង់ធំ បន្លំដាក់ចូលសន្និធិស្របច្បាប់របស់ខ្លួន បន្ទាប់អំពើល្មើសច្បាប់នេះ លោកស្រីជិន គឹមអូននិងប្តី វិញ រ៉យ បានរៀបចំជាកញ្ចប់ដល់សមត្ថកិច្ច អាជ្ញាធរ ជំនាញពាក់ព័ន្ធ រហូតដល់គាត់ហ៊ានលក់ចែកចាយបន្តទៅខេត្តផ្សេងមួយចំនួនទៀត ដើម្បីឆ្លងដែនទៅប្រទេសជិតខាង។
ប្រភពខ្លះបានបញ្ជាក់ថា, លោកស្រីជិន គឹមអូននិងស្វាមី វិញ រ៉យ ថៅកែដេប៉ូឈើ(សន្និធិ) ស្របច្បាប់ ស្ថិតនៅ ភូមិថ្មបែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ស្របពេលសម័យជំងឺកូវីដ-១៩ កំពុងរាតត្បាត ហើយអាជ្ញាធរ សមត្ថកិច្ចមមាញឹក ការងាររៀបចំសណ្តាប់ធ្នាប់ ការពារតំបន់ប្រឈមការឆ្លងកូវីដ-១៩ កាន់តែធ្វើអោយ លោកស្រីជិន គឹមអូននិងស្វាមី វិញ រ៉យ មានឱកាសប្រមូលទិញ ដឹកឈើ ក្នុងមួយខែៗរាប់រយឡាន គឺដឹកចេញពីព្រៃព្រះរការខេត្តព្រះវិហារ និងតំបន់ព្រៃឡង់ខេត្តកំពង់ធំ ក្នុងនោះលេចឮថា, មានអ្នកចាំទិញបន្ត និងរត់ប្រមូលទិញឈើពីសន្និធិគាត់ គឺលោកស្រី ចាន់ ណា នៅខេត្តកំពង់ចាម ហើយគាត់ក៏ជាអ្នកយកបន្តទៅប្រទេសវៀតណាម តាមខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង និងខេត្តស្វាយរៀង ដូច្នេះបច្ចុប្បន្ននេះឈើនៅតំបន់ព្រៃរការ ខេត្តព្រះវិហារនិងឈើនៅតំបន់ព្រៃឡង់ ខេត្តកំពង់ធំ ស្ទើរតែចង់អស់ហើយ ប្រភេទឈើមានមុខកាត់ធំៗ។
សូមបញ្ជាក់ថា, លោកស្រីជិន គឹមអូននិងស្វាមី វិញ រ៉យ ប្រើរូបភាពបើកដេប៉ូលក់ក្នុងស្រុក តាមការពិតដឹកលួចលាក់ឆ្លងដែនលក់បន្ត ដែលជាអំពើល្មើស ហើយអាចខាងជំនាញ ខាងអាជ្ញាធរ សមត្ថកិច្ចជាច្រើនស្ថាប័នដឹងច្បាស់ ត្រង់ថា បង្ក្រាបឬមិនបង្រ្កាបជាសមត្ថកិច្ចរបស់គាត់តែប៉ុណ្ណោះ។
នៅរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ អង្គភាព”នគរដ្រេហ្គន” និងកាសែត”នគរវត្ត” មិនអាចទាក់ទងសុំការបំភ្លឺបានទេពីលោកស្រីជិន គឹមអូននិងស្វាមី វិញ រ៉យ ដោយគ្មានលេខទូរស័ព្ទ។
ដោយឡែកលោក ប៉ែន សុវណ្ណារិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តកំពង់ធំ មិនបានធ្វើអធិប្បាយ ឬបញ្ជាក់អោយ អង្គភាព”នគរដ្រេហ្គន” និងកាសែត”នគរវត្ត” បានដឹងទេ តាមទូរស័ព្ទនៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ លោកនិយាយយ៉ាងខ្លីថា”ខ្ញុំគ្មានពេលបកស្រាយទេ ខណ:មានធុរ:ការងារប្រជុំ ចាំចប់ខ្ញុំនឹងទូរស័ព្ទមកវិញ រួចក៏បិទទូរស័ព្ទតែម្តង”។
លោក ប៊ុន សុធី នាយខ័ណរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ខលចូលមិនលើក, ប៉ុន្តែជាង២០នាទីក្រោយមកនាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ គាត់ក៏ទូរស័ព្ទមកវិញរបៀប(ចម្លើយគ្មានសំណួរ) ដោយនិយាយថា, “ច្រឡំលេខហើយ ! ខ្ញុំមិនមែនមេព្រៃទេ រួចក៏បិទទូរស័ព្ទទៅវិញ” ។
លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ប្រាប់អង្គភាព”នគរដ្រេហ្គន” និងកាសែត”នគរវត្ត” ថា, តាមពិតសន្និធិរបស់ លោកស្រី ជិន គឹមអូននិងប្តី វិញ រ៉យ ដែលស្ថិតនៅ ភូមិថ្មបែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ គាត់មានច្បាប់ត្រឹមត្រូវ។ ប៉ុន្តែត្រង់គាត់ប្រមូលទិញពីណាខ្ញុំមិនដឹងដែរ គ្រាន់តែច្បាប់របស់គាត់ចេញពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ហើយត្រូវតែមានទិញឈើពីក្រុមហ៊ុនស្របច្បាប់ ។ លោកបន្តថា, រឿងនេះអាចខាងរដ្ឋបាលព្រៃឈើគាត់នឹងដឹងថាយ៉ាងមេច!
សូមបញ្ជាក់ថា, បើតាមប្រភពនិងរបាយការណ៍ខ្លះពីសមត្ថកិច្ច អាចមិនបានប្រយោជន៍ ឬថ្នាក់លើយកដាច់ៗ ហើយមានតួនាទីចេញពីថ្នាក់ជាតិទៅប្រចាំការនៅខេត្តកំពង់ធំ, ខេត្តព្រះវិហារ និងខេត្តសៀមរាប បានបង្ហើបថា, ដេប៉ូខេត្តកំពង់ចាម របស់ចែឈ្មោះ ចាន់ ណា រូបភាពបើកដេប៉ូនៅខេត្តកំពង់ចាម តាមការពិតបន្តរត់ការទៅក្រៅប្រទេស តាមច្រករបៀងស្ងាត់ៗដោយត្រូវរ៉ូវនិងអាជ្ញាធរ ដូចលោកស្រី ជិន គឹមអូន និងស្វាមី លោក វិញ រ៉យ ដែលប្រើរូបភាពបើកដេប៉ូស្របច្បាប់នៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បើតាមការពិតអូសឈើពីព្រៃព្រះរកាខេត្តព្រះវិហារនិងព្រៃឡង់ខេត្ត និងរត់ការបន្តលក់ទៅអោយចែ ចាន់ ណា ទៅខេត្តកំពង់ចាម ហើយរត់ការឆ្លងដែនទៅប្រទេសវៀតណាម ។ ចែ ចាន់ ណា ក៏យកឈ្មោះអ្នកធំនៅថ្នាក់ជាតិ ខាងបង្ក្រាបបទល្មើសធនធានធម្មជាតិ ទៅប្រើផងដែរ ថាគាត់បានជួបនិយាយគ្នាអស់ហើយ។
ចំពោះសកម្មភាព លោកស្រីជិន គឹមអូននិងប្តី វិញ រ៉យ ប្រមូលទិញឈើពីតំបន់ព្រៃរការ ខេត្តព្រះវិហារនិងព្រៃឡង់ ខេត្តកំពង់ធំ បន្លំដាក់ចូលសន្និធិស្របច្បាប់របស់ខ្លួន ឈានដល់បន្តចែកចាយទៅខេត្តដទៃជាច្រើនទៀត !
ក៏មានដំណឹងលេចឮថា,មានលោកវរ:សេនីយ៍ឯក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ ជាប់ពាក់ព័ន្ធបង្ក្រាបចាប់ឈ្មួញណាដែលមិនលក់ឈើអោយសន្និធិខាងលើនេះ និងប្រមូលសេដ្ឋកិច្ចពីការដឹកជញ្ជូនឈើល្មើសច្បាប់អោយមេខេត្តផងដែរ។
ពាក់ព័ន្ធករណីនេះ លោកវរ:សេនីយ៍ឯក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ សូមធ្វើការបដិសេធន៍ចោលទាំងស្រុងថាលោក មិនបានពាក់ព័ន្ធនិងករណីបែបនេះទេ , លោកបន្តថា, មានតែការផ្តល់ព័ត៌មានទៅអោយចរិកចង់បរិហារកេរ្តិ៍មកលើរូបលោកតែប៉ុណ្ណោះ ដោយសាររាល់ថ្ងៃលោកហត់ណាស់ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើឈើ ជាក់ស្តែងសិក្សាទៅ នៅខេត្តកំពង់ធំមានតែខាងសមត្ថកិច្ចលោកទេបង្ក្រាបបានច្រើនជាងគេ។
លោក ឃុន ប៊ុនហូ បានលើកឡើងថា, រឿងសន្និធិរបស់ លោកស្រីជិន គឹមអូននិងប្តី វិញ រ៉យ មានតែខាងមេព្រៃទេ ដែលជាជំនាញគ្រប់គ្រង ចំពោះគាត់ដឹងតែបង្ក្រាបបើមានបទល្មើស។ លោកក៏សូមធ្វើការបដិសេធចោលផងដែរ ចំពោះដំណឹង ឬព័ត៌មាន ដែលថាគាត់ពាក់ពាក់ព័ន្ធនឹង សន្និធិរបស់ លោកស្រីជិន គឹមអូននិងប្តី វិញ រ៉យ អាចជារឿងដែលគេចង់បរិហារកេរ្ដិ៍លើរូបលោក។ដូច្នេះលោកសូមបដិសេធ និងច្រានចោលទាំងស្រុងផងតាមរយ:អង្គភាព”នគរដ្រេហ្គន” និងកាសែត”នគរវត្ត” ដែលបានសួរមកនេះ។
ដោយឡែកលោក សុិន វីរ: ព្រះរាជអាជ្ញា នៃអយ្យការអម សាលាដំបូងខេត្តកំពង់ធំ បានមានប្រសាសន៍ថា, បើតាមខ្ញុំដឹងសន្និធិរបស់លោកស្រីជិន គឹមអូននិងប្តី វិញ រ៉យ នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ គាត់មានច្បាប់ ប៉ុន្តែបើមានករណីលេចឮថា ប្រមូលទិញ ឈើពីតំបន់ព្រៃរការ ខេត្តព្រះវិហារនិងព្រៃឡង់ ខេត្តកំពង់ធំ បន្លំដាក់ចូលសន្និធិស្របច្បាប់របស់ខ្លួន ឈានដល់បន្តចែកចាយទៅខេត្តដទៃជាច្រើនទៀត ! លោកនឹងអោយខាងជំនាញមេព្រៃចុះធ្វើក្នុងរឿងនេះ និងសូមអរគុណការសហការសួរនាំ ដោយវិជ្ជាជីវៈ។
សូមជម្រាបជូនថា, បើយោងតាមរបាយការណ៍ពីសមត្ថកិច្ចប្រចាំការនៅខេត្តនោះបង្ហើបថា ក្នុងខែ៥ មានជាង១០០ឡានដឹកចេញមកពីខេត្តព្រះវិហារ និងព្រៃឡង់ខេត្តកំពង់ធំ ចូលដេប៉ូ លោកស្រី ជិនគឹមអូននិងស្វាមី វិញ រ៉យនិងបន្តដឹកចេញទៅខេត្តកំពង់ចាម របស់ចែ ចាន់ ណា រត់ការបន្តទៅខេត្តផ្សេងៗនិងប្រទេសវៀតណាម មានរថយន្តសាំយ៉ុង និងរថយន្តយី ឌុប ធ្វើជាមធ្យោបាយដឹកជញ្ជូន៕
ដោយ, សុខ ខេមរា