ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋខេត្តព្រះសីហនុ បានរិះគន់អាជ្ញាធរខេត្តថា បានប្រគល់ទីតាំងសួនច្បារមហោស្រពសម្រាប់លំហែកាយ ស្ថិតនៅចំកណ្ដាលទីក្រុងទេសចរណ៍មួយនេះ ឲ្យទៅឈ្មួញឯកជនធ្វើចំណតរថយន្តដឹកអ្នកដំណើរ ដែលបម្រើប្រយោជន៍បុគ្គល ហើយនាំឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ និងអារម្មណ៍ភ្ញៀវទេសចរ។
ប្រជាពលរដ្ឋបានលើកឡើងថា សួនសាធារណៈខាងលើ គឺជាសួនលំហែកាយ ដែលប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុ បាននាំគ្នាទៅហាត់ប្រាណ អង្គុយលេងរាល់ពេលល្ងាច និងថ្ងៃសម្រាក។ ប៉ុន្តែពេលនេះ សួនមួយនេះ ត្រូវបានគេរុះរើ ជីកកកាយបង្គន់អនាម័យ និងមានរថយន្ដដឹកអ្នកដំណើរ និងរថយន្ដដឹកទំនិញបានចូលចតណែនណាន់តាន់តាប់ ដែលធ្វើឱ្យពលរដ្ឋមិនអាចទៅលម្ហែនៅទីនោះបានទៀត។
ឆ្លើយតបកង្វល់ពលរដ្ឋ អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន មានប្រសាសន៍ខ្លីថា ទីតាំងនោះ គឺជាទីតាំង ចំណតរថយន្តតាំងពីអតីតកាល ប៉ុន្តែយ៉ាងណាក៏ដោយចុះ ចំណតរថយន្តដឹកអ្នកដំណើរដែលរដ្ឋបាលខេត្តអនុញ្ញាត ជាចំណតបណ្ដោះអាសន្នទេ។
លោក យន្ត មីន អះអាងថា រដ្ឋបាលខេត្តព្រះសីហនុ កំពុងរកទីតាំងផ្សេងមកជំនួសទីតាំងចំណតរថយន្តនៅមហោស្រពនេះហើយ ហើយស្នើឲ្យពលរដ្ឋស្ងប់អារម្មណ៍៕ វិបុល