ខេត្តស្វាយរៀង៖ មិនធម្មតាឡើយម្ដងនេះក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកសាមគ្គីរំដួលជួយសម្រាលកូនដល់ស្ត្រីម្នាក់ដែលមានជំងឺកូវីដ-១៩និងកំពុងព្យាបាលជំងឺ ទទួលបានជោគជ័យ។
យោងតាមអាខោនហ្វេសប៊ុករបស់មន្ទីរពេទ្យបង្អែកសាមគ្គីរំដួល
បានបង្ហោះថាកាលពីវេលាម៉ោង១០និង៥៥យប់នាទី ថ្ងៃទី៨ខែមិថុនាឆ្នាំ២០២១នេះថា សូមអបអរសាទរអ្នកជំងឺវិជ្ជមានមេរោគកូវីដ – ១៩ ឈ្មោះ នង ដារ៉ា ភេទស្រី អាយុ៣៩ឆ្នាំ ដែលមានផ្ទៃពោះគ្រប់ខែ(៣៩សប្តាហ៍) ហើយឈឺពោះសម្រាលកូនត្រូវបានក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកសាមគ្គីរំដួលយកចិត្តទុកដាក់ខិតខំប្រឹងប្រែងជួយសម្រាលបានកូនស្រីម្នាក់បានជោគជ័យ។
ដោយក្រុមគ្រូពេទ្យបានជួយសម្រាលបានកូនស្រីម្នាក់មាន
ទម្ងន់២៩៥០ ក្រាម ខណ:ស្ថានភាពក្រោយសម្រាល ម្តាយ និង កូនមានសុខភាពល្អ កំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យដោយស្រ្តីខាងលើមានទីលំនៅក្នុង ភូមិវាល ឃុំម៉ឺនជ័យ ស្រុករំដួល ខេត្តស្វាយរៀង។
ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកសាមគ្គីរំដួលសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋប្រកាន់ភ្ជាប់នូវវិធានការ ៣កុំ និង ៣ការពារ ទាំងអស់គ្នា។
ក្នុងឱកាសនោះស្ត្រីដែលទើបសម្រាលបានកូនស្រីសូមអរគុណដល់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកសាមគ្គីរំដួលដែលបានខិតខំអស់ពីកម្លាំងកាយ ចិត្ត និងស្មារតីជួយសង្គ្រោះដល់រូបនាងនិង កូននិងជូនពរក្រុមការងារទាំងអស់មានសុខភាពល្អបរិបូរណ៍ ជោគជ័យថ្មីៗបន្ថែមទៀតក្ក្នុងការងារ៕
ដោយ៖ យឹម សុថាន