ក្រសួងសុខាភិបាលអ៊ុយរ៉ាហ្គាយ​ ក្រោយ​លទ្ធផលសិក្សាថ្មីមួយ​ អះអាងថា​៖​ វ៉ាក់សាំងចិន Sinovac អាចកាត់បន្ថយអត្រាស្លាប់បានជាង ៩៥%

ចែករំលែក៖

អន្តរជាតិ​៖ យោងតាមក្រសួងសុខាភិបាលប្រទេសអ៊ុយរ៉ាហ្គាយ​ បានឱ្យដឹងថា​ បន្ទាប់​ពី​លទ្ធផលសិក្សាថ្មីមួយទៀត​ទៅលើ​ក្រុមហ៊ុន​ វ៉ាក់សាំងចិន Sinovac បានបង្ហាញថា អត្រាមរណៈបង្កឡើងដោយ COVID-19 ក្នុងចំណោមប្រជាជនអ៊ុយរ៉ាហ្គាយ អាយុចាប់ពី ១៨-៦៩ឆ្នាំ ដែលទទួលបានការការពារពីវ៉ាក់សាំងនេះ ត្រូវបានកាត់បន្ថយដល់ទៅជាង ៩៥ភាគរយ។

ជាក់ស្ដែង​បើតាមទីភ្នាក់ងារព័ត៌មានស៉ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ២០២១​នេះ​ បានចុះផ្សាយថា​ រយៈពេល២សប្តាហ៍ក្រោយ បន្ទាប់ពី​ការចាក់ដូសទីពីរនៃវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលអភិវឌ្ឍដោយក្រុមហ៊ុនចិន Sinovac អត្រាមរណៈ ក្នុងចំណោមប្រជាពលរដ្ឋអ៊ុយរ៉ាហ្គាយអាយុចាប់ពី ១៨-៤៩ឆ្នាំ ត្រូវបានកាត់បន្ថយ ៩៥.៣ភាគរយ និងក្នុងចំណោមអាយុចាប់ពី ៥០-៦៩ឆ្នាំ ត្រូវបានកាត់បន្ថយ ៩៥.២ភាគរយ។

បន្ថែមពីនេះ​ វ៉ាក់សាំង Sinovac បានកាត់បន្ថយលទ្ធភាពនៃការធ្លាក់ខ្លួនឈឺធ្ងន់ ៩៤.៤ភាគរយ ក្នុងចំណោមអ្នកមានអាយុក្រោម ៤៩ឆ្នាំ និង ៩២.២ភាគរយ ក្នុងចំណោមអ្នកមានអាយុ ៥០-៦៩ឆ្នាំ។ ក្រៅពីនេះសម្រាប់រយៈពេល ១៤ថ្ងៃ ក្រោយការចាក់វ៉ាក់សាំង Sinovac ដូសទីពីរ លទ្ធភាពនៃការឆ្លង COVID-19 ក្នុងចំណោមមនុស្សអាយុចាប់ពី ១៨-៤៩ឆ្នាំ ត្រូវបានកាត់បន្ថយរហូតដល់ ៦៤.៥ភាគរយ និង ៦១.៥ភាគរយ ក្នុងចំណោមមនុស្សអាយុចាប់ពី ៥០-៦៩ឆ្នាំ ។

បច្ចុប្បន្ន​ រហូត​មកទល់ពេលនេះ ៣០ភាគរយ នៃប្រជាជនសរុបរបស់អ៊ុយរ៉ាហ្គាយប្រមាណ ៣.៤៦លាននាក់ ទទួលបានការចាក់គ្រប់ពីរដូស ហើយ ៥៦ភាគរយ ទទួលបានមួយដូសដំបូងនៃវ៉ាក់សាំង Sinovac, Pfizer និង AstraZeneca។

គួរបញ្ជាក់ថា​ ប្រទេសអ៊ុយរ៉ាហ្គាយ​ បានកត់ត្រាករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសចំនួន ៣២២,៩៧៨នាក់ ក្នុងនោះស្លាប់ ៤,៧៤៩នាក់ផងដែរ​៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print