ខេត្តកំពង់ចាម ៖ សមត្ថកិច្ចចម្រុះខេត្តកំពង់ចាមបានចុះបង្ក្រាបក្រុមមនុស្សដែលប្រមូលផ្តុំគ្នាលួចលេងល្បែងស៊ីសងខុសច្បាប់ (លេងបៀភ្នាល់ដាក់ប្រាក់) នៅចំណុចចម្ការស្វាយ ស្ថិតក្នុងភូមិដំណាក់ជ្រៃ ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម នៅវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ។
កិច្ចសហការបង្ក្រាបចូលរួមដោយកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញ អធិការដ្ឋាននគរបាលស្រុកកងមាស និងអាជ្ញាធរមូលដ្ឋាន ដោយក្នុងកិច្ចប្រតិបត្តិការនេះមានការសម្របសម្រួលនីតិវិធីពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ។
លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមបានមានប្រសាសន៍ឱ្យដឹងថា បន្ទាប់ពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋភ្លាម លោក
បានបញ្ជាដល់កម្លាំងជំនាញចុះបង្ក្រាបការប្រមូលផ្តុំមនុស្សដែលលេងល្បែងស៊ីសងនៅទីតាំងខាងលេីនេះ ។ លោកថា អ្នកទាំងអស់នេះបានរារាំងដល់ការអនុវត្តវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវិីដ-១៩ ដែលកំពុងឆ្លងរាលដាលនិង សម្លាប់មនុស្សច្រេីននាក់ហេីយមក ទល់នឹងបច្ចុប្បន្ននេះ ។
លោកឧត្តមសេនីយ៍ស្នងការបានបន្តថា ជាលទ្ធផលកម្លាំងសមត្ថកិច្ចបានបង្រ្កាបនិងចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន៧នាក់ដូចខាងក្រោមនេះ ៖
១.ឈ្មោះ ហ៊ុន ចាន់ផន ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិដំណាក់ជ្រៃ ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ។
២.ឈ្មោះ សេង សុខណៃ ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិពាមក្នុង ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម ។
៣.ឈ្មោះ ជា ណារី ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិពោធិ៍សាលាទី១ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម។
៤.ឈ្មោះ ហួយ រស្មី ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិដំណាក់ជ្រៃ ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ។
៥.ឈ្មោះ គឹម ដានី ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិថ្មី ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម ។
៦.ឈ្មោះ ថេង សេង ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិដៃបួន ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
៧.ឈ្មោះ ស្រ៊ី ប៊ុនហេង ភេទប្រុសអាយុ៣៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិពោធិ៍សាលាទី១ ឃុំព្រែក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម ។
លោកឧត្តមសេនីយ៍ស្នងការបានឱ្យដឹងបន្ថែមថា ក្រៅពីការចាប់ឃាត់ខ្លួនកម្លាំងសមត្ថកិច្ចបានចាប់ដកហូតវត្ថុតាងរួមមាន៖ បៀនីឡុងចំនួន០២ហ៊ូ (១ហ៊ូ៥២សន្លឹក), កម្រាលក្រាលលេងបៀចំនួន០១, ចានទ្រអាប៉ោងចំនួន០១, សៀវភៅកត់លេខឆ្នោតចំនួន០១ក្បាល, ក្រដាសកត់លេខឆ្នោតវៀតណាមចំនួន១៤សន្លឹក, ទូរស័ព្ទដៃចំនួន០៤គ្រឿង, ម៉ូតូចំនួន០៣គ្រឿង, ប្រាក់រៀលចំនួន១,៣៥០,០០០រៀល (មួយលានសាមប្រាំមុឺនរៀល), ប្រាក់ដុល្លារចំនួន ៥០$ (ហាសិបដុល្លារអាមេរិក)។
លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថា ចំពោះជនសង្ស័យចំនួន០៧នាក់ខាងលើ រួមនឹងវត្ថុតាង លោកឱ្យបញ្ចូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី និងត្រៀមបញ្ជូនពួកគេទៅសាលាដំបូងខេត្តកំពង់ចាម ៕
ដោយ៖ វណ្ណៈ