ខេត្ដសៀមរាប ៖ ស្ដ្រីវ័យចំណាស់ ម្នាក់មានជំងឺពោះវៀនដុះខ្នែងចុកប្រកាច់ ស្ទើរស្លាប់ស្ទើររស់តែនៅពេលកូនចៅ បញ្ជូនមកដល់មន្ទីរពេទ្យបែរជាមានការ ខកចិត្ដយ៉ាងខ្លាំងគ្រាដែលលោកដុកទ័រ ជំនាញខាងវះកាត់ប្រាប់ថា គាត់ជាប់ទៅ ស៊ីការគេសិនចាំត្រឡប់មកវិញទើបវះកាត់ ។ នេះបើតាមការអះអាងរបស់ លោក ព្រំ ប៊ុនធឿន ដែលត្រូវជា កូនស្ដ្រី រងគ្រោះរស់នៅភូមិតាវៀន សង្កាត់ សាលាកំរើក ក្រុង-ខេត្ដសៀមរាបឱ្យដឹង កាលពីរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០១៦ ។
លោក ប៊ុនធឿន បានរំលឹកថា កាល ពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦កន្លងទៅ ថ្មីៗនេះរូបលោកនិងក្រុមគ្រួសារបាននាំម្ដាយដែលមានវ័យ៧៥ឆ្នាំ ខណៈម្ដាយ មានអាការចុកពោះខ្លាំងទៅកាន់គ្លីនិក ឯកជនមួយដើម្បីពិនិត្យនិងព្យាបាល។ ពេលនោះគ្រូពេទ្យនៅគ្លីនិកឯកជននោះ បានពិនិត្យឃើញថា ម្ដាយរបស់លោក មានជំងឺពោះវៀនដុះខ្នែងក្នុងអាការធ្ងន់ ចាំបាច់ត្រូវតែបញ្ជូនមន្ទីរពេទ្យបង្អែក ខេត្ដសៀមរាបទើបអាចវះកាត់បាន ។
កូនប្រុសស្ដ្រីរងគ្រោះបានបន្ដទៀតថា គាត់បានបញ្ជូនម្ដាយមកដល់មន្ទីរពេទ្យ បង្អែកខេត្ដនៅវេលាម៉ោង១រសៀលថ្ងៃ ដដែល ហើយបានចូលទៅដល់បន្ទប់ វះកាត់ដែលគេដឹងថា លោកគ្រូពេទ្យ ឈ្មោះដួង រ៉ាដា ជាអ្នកទទួលបន្ទុកវះកាត់ តែបែរជាលោកគ្រូពេទ្យខាងលើនេះ ប្រាប់ថា រូបគាត់ជាប់រវល់ទៅស៊ីការ គេសិន ។
លោកព្រំ ប៊ុនធឿន បានអះអាងទៀត ថា លោកគ្រូពេទ្យឈ្មោះដួង រ៉ាដា ក្រៅ ពីប្រាប់ដូច្នេះហើយនៅបានប្រើពាក្យសម្ដីមិនសូវសមរម្យនិងបានពន្យារពេល វះកាត់រហូតដល់ម៉ោង២១និង៣០នាទីយប់ថ្ងៃទី១២ ខែមីនា ទើបគ្រូពេទ្យរូប នេះត្រឡប់មកវិញក្នុងអាការស្រវឹងផង។ នៅពេលមកដល់គាត់មិនបានពិនិត្យអ្នកជំងឺទេតែបែរជាអង្គុយចុចទូរស័ព្ទលេង ហ្វេសប៊ុករហូតដល់ដាច់ភ្លើង ។ ឃើញ សភាពម្ដាយមានអាការកាន់តែឈឺចុកចាប់ខ្លាំងឡើងគាត់និងក្រុមគ្រួសារបានសម្រេចចិត្ដដឹកម្ដាយចេញពីមន្ទីរពេទ្យបង្អែកខេត្ដទៅព្យាបាលនៅគ្លីនិកឯកជន វិញ ។
ជាមួយនឹងការខកចិត្ដនេះលោកព្រំ ប៊ុនធឿន បានបញ្ជាក់ថា ពីមុនមករូប គាត់បានឮតែគេនិយាយរិះគន់ទៅដល់ ពេទ្យរដ្ឋ តែពេលមកឃើញជាក់ស្ដែង បែបនេះធ្វើឱ្យគាត់មានការហួសចិត្ដ យ៉ាងខ្លាំង ។ នេះចំពោះគ្រួសាររបស់គាត់ អាចមានធនធានខ្លះបញ្ជូនម្ដាយទៅរក ពេទ្យឈ្នួលដើម្បីព្យាបាលចុះសម្រាប់ ប្រជាពលរដ្ឋក្រីក្របើគ្រូពេទ្យធ្វើដូច្នេះ ប្រាកដជាអ្នកជំងឺស្លាប់មិនខានឡើយ ។
លោក ប៉ែន ផលគុណ ប្រធានមន្ទីរ ពេទ្យបង្អែកខេត្ដសៀមរាបនគរវត្ដមិន អាចទាក់ទងរកការពន្យល់ពីករណីខាង លើនេះបានទេនៅរសៀលថ្ងៃទី១៥ ខែ មីនា ឆ្នាំ២០១៦ ដោយទូរស័ព្ទចូលពុំមាន អ្នកទទួល ។
ទោះបីយ៉ាងណាបើតាមគ្រូពេទ្យម្នាក់ ដែលមិនចំវេនយាមនៅថ្ងៃកើតហេតុ បានបង្ហើបឱ្យដឹងថា ករណីនេះនៅថ្ងៃ កើតហេតុដោយសារគ្រូពេទ្យជាប់រវល់ វះកាត់ខួរក្បាលអ្នកជំងឺនិងវះកាត់ព្រះសង្ឃ មួយអង្គដែលមានជំងឺពោះវៀនដុះខ្នែង ដែរទើបមានការយឺតយ៉ាវ ។
ដោយឡែកលោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ដបានបដិសេធ មិនធ្វើអត្ថាធិប្បាយលើករណីនេះទេ ហើយលោកបានបង្វែរឱ្យសួរទៅប្រធានមន្ទីរពេទ្យបង្អែកខេត្ដសៀមរាបវិញ ដោយសារលោកជាប់រវល់ ។
គួររំលឹកថា រឿងអាស្រូវនៅក្នុងមន្ទីរ ពេទ្យបង្អែកខេត្ដសៀមរាបបានកើតឡើង ជាញឹកញាប់រវាងលោកគ្រូពេទ្យនឹងអ្នក ជំងឺ ។ រឿងអាស្រូវជាច្រើននោះមានដូច ជាក្រុមគ្រូពេទ្យមិនសូវយកចិត្ដទុកដាក់ ព្យាបាលអ្នកជំងឺ គ្រូពេទ្យខ្លះគ្មានសីល ធម៌ ប្រើពាក្យសម្ដីមិនសមរម្យទៅលើ អ្នកជំងឺក៏មាន។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗកន្លង មកនេះនៅក្នុងកម្មវិធីបិទសន្និបាតរបស់ក្រសួងសុខាភិបាលសម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា គ្រូពេទ្យ ត្រូវមានអាកប្បកិរិយាទៅកាន់អ្នកជំងឺ ដោយសុភាពរាបសានិងមិនត្រូវរើស អើងចំពោះអ្នកជំងឺនោះទេ ៕ លីហ៊ាង