ក្រសួងសុខាភិបាល ប្រកាសច្រានចោលការចុះផ្សាយព័ត៌មានមិនពិត ដែលថាវីរុសកូវីដ-១៩ ជាបាក់តេរី ដែលត្រូវបានប៉ះពាល់នឹងវិទ្យុសកម្ម និងបញ្ចូលឈាមបណ្តាលឲ្យស្លាប់មនុស្ស

ចែករំលែក៖

ភ្នំពេញ, ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា ក្រសួង សូមប្រកាសច្រានចោល ទាំងស្រុង នូវអត្ថបទព័ត៌មានដែលបានចែកចាយតាមបណ្ដាញទំនាក់ទំនងសង្គមនាថ្ងៃទី០៩ និង ទី១០ ខែមិថុនា ឆ្នាំ២០២១ ដែលបានចុះផ្សាយ អត្ថបទលើកឡើងពី ប្រទេសសឹង្ហបុរី បានក្លាយជាប្រទេសដំបូងគេនៅលើពិភពលោក ដែលធ្វើកោសល្យវិច័យលើសាកសពដែលមានជំងឺកូវីដ-១៩ រកឃើញថាកូវីដ-១៩ មិនមែនជាវីរុសទេ ប៉ុន្តែជាបាក់តេរី ដែលត្រូវបានប៉ះពាល់នឹងវិទ្យុសកម្ម និងបញ្ចូលឈាម បណ្ដាលឲ្យស្លាប់មនុស្ស ព្រមទាំង អាចបណ្តាលឱ្យឈាមរបស់មនុស្សមានការកកឈាម និងបណ្តាលឱ្យកំណកឈាមធ្វើឱ្យមនុស្សពិបាកដកដង្ហើមព្រោះខួរក្បាលបេះដូងនិងសួតមិន អាចទទួលបានអុកស៊ីហ្សែន ធ្វើឱ្យមនុស្សស្លាប់យ៉ាងឆាប់រហ័ស និងមានសរសេរដាក់ប្រភពថា៖ ក្រសួងសុខាភិបាលសិង្ហបុរី ទៀតផងនោះ គឺជា ព័ត៌មានមិនពិត ក្លែងបន្លំ និងបំពុលសង្គម នៅក្នុងដំណាក់កាលដែលបណ្តាប្រទេសនៅលើសកលលោក បាន និងកំពុងរងគ្រោះ ដោយការរាតត្បាត ពីវីរុសកូវីដ-១៩ ។

ក្រសួងសុខាភិបាល សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ សូម្បីតែអង្គការសុខភាពពិភពលោក ក៏នៅតែពន្យល់ថាជំងឺ កូវីដ-១៩ ជាជំងឺបង្កឡើងដោយវីរុសកូវីដ-១៩ (មិនមែនដោយបាក់តេរីនោះឡើយ) ដែលគេមិនទាន់មានរកឃើញឱសថសម្រាប់ ព្យាបាលជាក់លាក់ណាមួយនោះឡើយ ។

អាស្រ័យហេតុនេះ ក្រសួងសុខាភិបាល សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នា សូមកុំបន្តចែកចាយនូវអត្ថបទ ព័ត៌មានដែលមានខ្លឹមសារដូចបានជម្រាបជូនខាងលើនេះឱ្យសោះ ដែលធ្វើឲ្យមានការភ័ន្តច្រឡំ និងច្របូកច្របល់សាធារណៈមតិ ហើយសូមបន្ត អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារទាំងឡាយ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល និងដោយក្រសួងសុខាភិបាល ដើម្បីបានជៀសផុតពី ការឆ្លងវីរុសកូវីដ-១៩ ព្រមទាំងជម្រុញលើកទឹកចិត្តខ្លួនឯង និងអ្នកដទៃឱ្យបន្តការទទួលខុសត្រូវរបស់ខ្លួនលើកិច្ចការពារជំងឺដ៏កាចសាហាវនេះ ហើយត្រូវរៀនរស់នៅជាមួយនឹងវត្តមានវីរុសកូវីដ-១៩ ឱ្យស្របតាមរបត់នៃ ការរស់នៅធម្មតា តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩ ស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតជាហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចកកម្ពុជា ដោយប្រកាន់យកនូវការអនុវត្តន៍ ការពារ(ពាក់ម៉ាស់ លាងដៃឱ្យញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង) និង៣កុំ (កុំទៅ កន្លងមានមនុស្សកុះករចើន កុំទៅកនែ្លងបិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា) និងនាំគ្នាស្ម័គ្រចិត្ដទៅទទួលការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅពេលដល់វេនដែលត្រូវចាក់ ឲ្យបានគ្រប់គ្នាសម្រាប់បុគ្គលដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ។

ក្រសួងសុខាភិបាល និងបន្តធ្វើការជូនដំណឹងដល់សាធារណជន អំពីការវិវត្តន៍នៃបញ្ហាសុខភាពតាមទំព័រហ្វេសប៊ុក និង គេហទំព័ររបស់ ក្រសួងសុខាភិបាល www.cdamoh.gov.kh ដែលគេហទំព័រនេះមានសម្ភារ:អប់រំសុខភាពដែលអាចទាញយកមកមើល និងប្រើប្រាស់បាន។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងក្រសួងសុខាភិ បាល តាមលេខទូរស័ព្ទ៖ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕

...


ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print