ខេត្តបាត់ដំបង ៖កម្លាំងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដោយអនុវត្តផែនការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃឲ្យមានសុវត្ថិភាព នៅរសៀលថ្ងៃទី១១ ខែមិថុនា បានធ្វើការត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញ-ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ រួចក៏បានទៅទទួលប្រជាពលរដ្ឋដែលវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញ ពីយោធាថៃកងអនុសេនាធំ១៣០៥ ត្រង់ចំណុចនៃភូមិសាស្ត្រភូមិគីឡូ៩ ឃុំជ្រៃសីមា ស្រុកសំពៅលូនមាន ចំនួន០៦នាក់ក្នុងនោះមានស្រី០២នាក់និងក្មេង០១នាក់។
ប្រតិបត្តិការនេះដឹកនាំដោយ
លោកវរសេនីយ៍ឯក ពៅ ថាវុធ ស្នងការរងទទួលការងារវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ ។
បន្ទាប់ពីសាកសួរ កត់ឈ្មោះ និងអប់រំណែនាំរួច កម្លាំងនគរបាលបានប្រគល់បងប្អូនទាំង៦នាក់ឱ្យទៅក្រុមគ្រូពេទ្យ ដើម្បីទទួលយកទៅកាន់មណ្ឌលចត្តាឡីស័កអនុវិទ្យាល័យកូនភ្នំ៣២ ធ្វើតេស្តរកមេរោគកូវៅដ-19៕