អន្តរជាតិ៖ ក្រសួងសុខាភិបាលអាហ្សង់ទីន បានចេញសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃសុក្រទី១១ ខែមិថុនា ឆ្នាំ២០២១ថា ខ្លួនបានអនុម័តឱ្យប្រើវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលផលិតឡើងដោយក្រុមហ៊ុន Cansino Biologics Inc ដោយចាក់តែមួយដូសប៉ុណ្ណោះ។ ការប្រកាសបែបនេះ ក្នុងគោលបំណងជួយជំរុញដល់បណ្តុំវ៉ាក់សាំងសំខាន់ៗរបស់ខ្លួន ខណៈដែលអាហ្សង់ទីន កំពុងប្រឈមនឹងរលកទីពីរនៃជំងឺរាតត្បាតដ៏សាហាវមួយនេះ ដែលធ្វើឱ្យមានភាពស្មុគស្មាញដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ខ្លួន។
ជាក់ស្ដែងនៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងសុខាភិបាលអាហ្សង់ទីន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយសម្រាប់ការដឹកវ៉ាក់សាំងចំនួន ៥,៤ លានដូស ដោយបន្ថែមថា ការចែកចាយនឹង “ធ្វើឡើងភ្លាមអាស្រ័យលើពេលដែលមានវ៉ាក់សាំង”។
សូមជម្រាបថា ប្រទេសអាហ្សង់ទីន នាពេលបច្ចុប្បន្ន ដែលមានប្រជាជនចំនួន ៤៥ លាននាក់ កំពុងរាយការណ៍អំពីចំនួនអ្នកឆ្លងថ្មីប្រចាំថ្ងៃខ្ពស់បំផុតទីបីលើពិភពលោក បន្ទាប់ពីឥណ្ឌានិងប្រេស៊ីល នេះយោងតាមទិន្នន័យរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ហើយបានកត់ត្រាអ្នកស្លាប់សរុបជិត ៨៥.០០០ នាក់ និងឆ្លងកូវីដចំនួន ៤,១ លាននាក់។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ អាហ្សង់ទីន បានចាក់ថ្នាំបង្ការយ៉ាងហោចមួយដូសដល់ប្រជាជនចំនួន ១២,៦ លាននាក់ និងចាក់ពីរដូសដល់ប្រជាជន ៣,២ លាននាក់ ដោយល្បឿនចាក់វ៉ាក់សាំងបានកើនឡើងក្នុងប៉ុន្មានខែថ្មីៗនេះ ដោយសារការចែកចាយវ៉ាក់សាំងបានបង្កើនល្បឿនផងដែរ។ ដោយអាហ្សង់ទីន ប្រើការរួមបញ្ចូលគ្នានៃវ៉ាក់សាំង Sputnik V ដែលផលិតដោយរុស្ស៊ី វ៉ាក់សាំងរបស់ក្រុមហ៊ុនឱសថចិន Sinopharm និងវ៉ាក់សាំងមួយផ្សេងទៀតអភិវឌ្ឍដោយក្រុមហ៊ុន AstraZeneca និងសាកលវិទ្យាល័យអក់ស្វត៕ដោយ៖ស តារា
រូបថត៖CFP