ខេត្តព្រះវិហារ៖ ប្រជាពលរដ្ឋរស់នៅស្រុកឆែប ក្រៅពីរបរធ្វើស្រែចម្ការ បានទាញយកផលប្រយោជន៍ ចេញពីដើមទ្រាំងដោយច្នៃចេញ ជាចង្កឹះ ផ្លែដាវ ឈើច្រត់ វែកបាយ កន្ទេល ធ្នូ លក់ចេញលើទីផ្សារក្លាយជារបរ មួយបន្ថែមទៀត តាមរយៈការធ្វើសិប្បកម្មកែច្នៃ ចេញពីអនុផលព្រៃឈើ ដែលដកហូតចេញ ពីដែនជម្រកសត្វព្រៃឆែប និងដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ។
ជាក់ស្ដែងសិប្បកម្មកែច្នៃ ចេញពីអនុផលព្រៃឈើនោះ មានដូចជាសម្ភារៈ និងវត្ថុអនុស្សាវរីយ៍ ប្រើប្រាស់ផ្សេងៗ បង្កើតបានជាមុខរបរបន្ថែម និងជួយឱ្យប្រជាសហគមន៍ រស់នៅភូមិសង្កែ ឃុំសង្កែ ស្រុកឆែប អាចរកប្រាក់ចំណូលបន្ថែម សម្រាប់ទ្រទ្រង់ជីវភាពគ្រួសាររបស់ ពួកគាត់។
បើតាមលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ក្នុងការដឹកនាំគណៈប្រតិភូ ក្រសួងបរិស្ថាន រដ្ឋបាលខេត្តព្រះវិហារ និងក្រុមអ្នកសារព័ត៌មាន ទស្សនកិច្ច ស្វែងយល់ នៅតំបន់ដែនជម្រកសត្វព្រៃ ព្រះរកា -ឆែប ខេត្តព្រះវិហារ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ បានថ្លែងឱ្យដឹងថា៖ បច្ចុប្បន្ននេះ តាមរយៈការអភិរក្ស និង កិច្ចការពារ បាននូវធនធានធម្មជាតិ ព្រៃឈើ គឺធ្វើឱ្យប្រជាពលរដ្ឋ សហគមន៍ អាចទទួលបាន នូវអនុផលព្រៃឈើ ក្នុងនេះដូចជា ដើមទ្រាំង ជាដើម។ ដើមទ្រាំង សម្បូរនៅដែនជម្រកសត្វព្រៃ ឆែប ដែលធ្វើឱ្យពួកគាត់ អាចដកហូត ធ្វើការកែច្នៃ ជាសម្ភារៈនានា ដើម្បីលក់បាន ជាចំណូលបំពេញបន្ថែម សម្រាប់ជីវភាពគ្រួសារ។
លោក នេត្រ ភក្ត្រា បានថ្លែងបន្ថែមទៀតថា ចំពោះការចូលរួមអភិរក្សដើមទ្រាំង នេះក៏ជាផ្នែកមួយ ជួយថែរក្សាប្រពៃណី ទំនៀមទម្លាប់ របស់ពលរដ្ឋ ក្នុងស្រុក ផងដែរ។ ការថែរក្សាបាន នូវពូជដើមទ្រាំង ជាកិច្ចការមួយយ៉ាងសំខាន់ សម្រាប់ប្រជាពលរដ្ឋ ដើម្បីរកចំណូលបន្ថែម សម្រាប់ក្រុមគ្រួសារ តទៅថ្ងៃខាងមុខ យូរអង្វែងទៀត។ ការបង្កើតសេដ្ឋកិច្ចមូលដ្ឋាន គឺជាគោលនយោបាយមួយ របស់រាជរដ្ឋាភិបាល ដើម្បីបង្កើនជីវភាព ប្រជាសហគមន៍ ពង្រឹងប្រសិទ្ធភាព នៃការអភិរក្សធនធានធម្មជាតិ ហើយអាចកាត់ផ្តាច់មុខរបរ ដែលពលរដ្ឋ មួយចំនួន តែងតែប្រកាន់យក គឺការចូលព្រៃ ដើម្បីកាប់ឈើ និងបរបាញ់សត្វ។
ដោយឡែកពាក់ព័ន្ធក្នុងរឿងដើមទ្រាំង ក៏ដូចជា សិប្បកម្មកែច្នៃសម្ភារៈប្រើប្រាស់ផ្សេងៗ ពីដើមទ្រាំងនេះ អ្នកនាំពាក្យរូបនេះ លោករដ្ឋលេខាធិការ បានបញ្ជាក់ទៀតថា៖ «ខ្ញុំសូមថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋ ដែលបាននាំគ្នាដាំបន្ថែមប្រភេទដើម ទ្រាំង សម្រាប់បន្តពូជ ក្នុងភូមិ ក្នុងតំបន់ របស់ពួកគាត់ បន្ថែមលើអ្វីដែលមាន ក្នុងព្រៃស្រាប់»។ បន្ថែមពីនេះ លោករដ្ឋលេខាធិការ ក៏បានអំពាវនាវ ដល់ពលរដ្ឋ ចូលរួមការពារ និងអភិរក្សដើមទ្រាំងនេះ ឱ្យបានគង់វង្ស ព្រោះដើមទ្រាំង មានតម្លៃសម្រាប់ប្រព័ន្ធអេកូឡូស៊ី សម្រាប់ប្រពៃណី ទំនៀមទម្លាប់ និងសម្រាប់សេដ្ឋកិច្ច។
បើតាមអ្នកស្រី ហឿន ឡា កំពុងឈរលក់សម្ភារៈ ដែលកែច្នៃចេញពីដើមទ្រាំង ក៏បានឱ្យដឹងថា៖ ចាប់ពីក្រុមគ្រួសារអ្នកស្រី ចេះកែច្នៃដើមទ្រាំង ចេញជាសម្ភារៈប្រើប្រាស់មក ឃើញថា ជីវភាពគ្រាន់គាប់ប្រសើរជាងមុន។ អ្នកស្រីអាចរកចំណូលគ្រាន់ដោះ ស្រាយជីវភាពក្នុងគ្រួសារ។
ចំណែកពាក់ព័ន្ធពីផលប្រយោជន៍ ដើមទ្រាំងនេះអ្នកស្រី ទិត្យ សុខុន រស់នៅភូមិសង្កែ ឃុំសង្កែ ស្រុកឆែប ខេត្តព្រះវិហារ ក៏បានបញ្ជាក់ដែរថា អ្នកស្រី អាចប្រើប្រាស់បានច្រើន យ៉ាងណាស់ ទាំងគមវា ធ្វើម្ហូប ស្លឹកប្រក់ផ្ទះ ធ្វើកន្ទេល និងដើមវាអាចកែច្នៃធ្វើ សម្ភារៈ ច្រើនបែបយ៉ាងណាស់ នៅពេលបច្ចុប្បន្ន។
ជាមួយគ្នានេះ លោក មាស ហឿ ប្រធានក្រុមសហគមន៍កែច្នៃ ចង្កឹះទ្រាំង ស្រុកឆែប និងជាអ្នកផលិតសម្ភារៈដែលកែច្នៃ ចេញពីដើមទ្រាំង មានឈ្មោះបោះសំឡេងមួយរូប បានបញ្ជាកថា តាមរយៈការកែច្នៃសម្ភារៈ ធ្វើពីដើមទ្រាំងនេះ គឺប្រជាពលរដ្ឋ ក្នុងសហគមន៍ អាចរកចំណូលបាន ក្នុងមួយខែ ៥០ ម៉ឺនរៀល ទៅ ៦០ ម៉ឺនរៀល។ ចំណូលទាំងនេះ អាចធ្វើឱ្យពួកគាត់ គ្រាន់ដោះស្រាយជីវភាព និងមិនចាំបាច់ ចូលព្រៃកាប់ឈើ ឬបរបាញ់សត្វ ដូចកាលពីមុនឡើយ។
ប្រធានក្រុមសហគមន៍រូបនេះ បន្ថែមថា ពលរដ្ឋក្នុងតំបន់នេះ គឺដកហូត ធាងទ្រាំង ដែលចាស់ៗ មកប្រើ ក្នុងនេះ អាចកែច្នៃជាសម្ភារៈច្រើនមុខ។ សម្ភារៈ ទាំងនេះ លក់ដាច់គួរសម ហើយពេលខ្លះ សឹងតែធ្វើមិនទាន់ ដែលគេកុម្ម៉ង់ផង។
សូមជម្រាបថា ដើមទ្រាំង ជាប្រភេទរុក្ខជាតិ ពពួកត្នោត មានដើមពណ៌ខ្មៅ ដែលមានកំពស់ពី ៦ ទៅ ២៥ ម៉ែត្រ។ ដើមទ្រាំង ធាងរបស់វាវែងៗ ហើយធំ ដោយគេអាចយកធាងទាំងនោះ យកមកកែច្នៃ ពុះច្រៀក ធ្វើជាស្លឹករឹទ្ធ និងអាច បិតធ្វើជាចង្កឹះបាន ព្រមទាំងមានគុណភាពល្អ និងមានព៌ណខ្មៅនៅពេលដែល យើង ប្រើប្រាស់ប្រចាំថ្ងៃ។ ដោយយោងតាមឯកសារស្រាវជ្រាវ ក៏បានបញ្ជាក់ដែរថា ដើមទ្រាំង វាមានផ្កា ផ្លែ តែម្តងគត់ ក្នុងមួយជីវិត វានឹងងាប់ បន្ទាប់ពីផ្ការបស់វាទុំ។ នៅប្រទេសកម្ពុជា ដើមទ្រាំង ត្រូវបានគេប្រទះឃើញ មានដុះនៅក្នុងខេត្តមួយចំនួន ដូចជា៖ ព្រះវិហារ ស្ទឹងត្រែង រតនៈគិរី ក្រចេះ ជាដើម។
គួរបញ្ជាក់ថា ជុំវិញបញ្ហានេះដែរ ប្រជាពលរដ្ឋមួយចំនួនរស់នៅស្រុកឆែប ខេត្តព្រះវិហារ នូវតែមានជំនឿថា សម្ភារៈធ្វើពីទ្រាំង បានលក់ដាច់ ដោយសារតែមួយចំនួន គេមានជំនឿលើអប្បិយជំនឿ។ ក្នុងនេះ ពួកគាត់មានជំនឿថា ចង្កឹះធ្វើពីដើមទ្រាំង នាំលាភសំណាង និងអាចបណ្តេញឧបទ្រពចង្រៃផងដែរ៕ដោយ៖សហការី