ប្រមុខដឹកនាំអង្គការសុខភាពពិភពលោក WHO កាលពីថ្ងៃទី ១២ ខែមិថុនា បានអំពាវនាវឲ្យប្រទេសចិនសហការស្រាវជ្រាវប្រភពកូវីដ១៩ ជាលើកទីពីរ ក្រោយកិច្ចប្រជុំ G7 (មានប្រទេស អង់គ្លេស កាណាដា អាមេរិក អាល្លឺម៉ង់ ជប៉ុន បារាំង និងអុីតាលី) ដោយប្រទេសទាំងនោះបានស្នើបើកការស្រាវជ្រាវពីប្រភពកូវីដ១៩ ។
មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន អគ្គនាយកWHO លោក Tedros Adhanom Ghebreyesusបានបញ្ជាក់ថា លោកសង្ឃឹមថានឹងមានកិច្ចសហប្រតិបត្តិការណ៍ល្អជាងនេះនិងមានតម្លាភាព ក្នុងការស្រាវជ្រាវប្រភពកូវីដ១៩ ជាលើកទីពីរ។
លោក Tedros Adhanom បានលើកឡើងថា «យើងត្រូវការកិច្ចសហប្រតិបត្តិការណ៍ពីភាគីចិន ប្រកបដោយតម្លាភាព ឬចែករំលែក ព័ត៌មានពាក់ព័ន្ធប្រភពកូវីដ ១៩»។ លោក Tedros Adhanom បន្តទៀតថានៅពេលនេះយើង បានត្រៀមលក្ខណៈដើម្បីបើកការស្រាវជ្រាវ ហើយការស្រាវជ្រាវលើកនេះគឺពាក់ព័ន្ធទ្រឹស្តីវីរុសបែកធ្លាយចេញពីមន្ទីរពិសោធន៍ របស់ចិន ដែលប្រទេសជាច្រើន បានចោទប្រកាន់។
ប្រធានាធិបតីអាមេរិក លោកបៃឌិនបានស្នើបើកការស្រាវជ្រាវពីប្រភពកូវីដ ១៩ ។ ក្រុមចារកិច្ចអាមេរិក លើកឡើងពី ទ្រិស្តី នៃការឆ្លងរាលដាលកូវីដ ១៩ ក្នុងនោះមានមនុស្សប៉ះជាមួយសត្វមានវីរុស និងមួយទៀតគឺវីរុសបែកធ្លាយចេញពីមន្ទីរពិសោធន៍ ។
ជាមួយគ្នានេះដែរ ប្រមុខដឹកនាំរបស់អង្គការសុខភាពពិភពលោក ស្នើដល់បណ្តាប្រទេស អ្នកមានចែករំលែកវ៉ាក់សាំងដល់ប្រទេសក្រីក្រ ។ ប្រទេស G7 បានសន្យាចែករំលែកវ៉ាក់សាំងចំនួន១ពាន់លានដូស៕ ដោយ៖សាធី
រូបភាព៖Reuters