តាមប្រភពព័ត៌មានពីមន្ទីរពេទ្យត្រូពិក «Nhiet doi » ទីក្រុងហូជីមិញ កាលពីថ្ងៃទី១៣ខែមិថុនា បានធ្វើតេស្តបុគ្គលិក៨៨៧នាក់ ក្នុងនោះមាន៨៣៤នាក់អវិជ្ជមាន និង៥៣នាក់វិជ្ជមានកូវីដ-១៩ ។
ក្រៅពីបុគ្គលិក២២នាក់ឆ្លងកូវីដ-១៩ នៅមានក្រុមគ្រូពេទ្យជំនួយ៣១នាក់ទៀតឆ្លងកូវីដ-១៩ដែរ។ បច្ចុប្បន្ន បុគ្គលិកឆ្លងកូវីដ-១៩នៅក្នុងមន្ទីរពេទ្យខាងលើមានបុគ្គលិកបច្ចេកវិទ្យាព័ត៌មាន៨នាក់ ទីតាំងត្រួតពិនិត្យ៣នាក់ ក្រុមរដ្ឋបាល១៧នាក់ ហិរញ្ញវត្ថុ៤នាក់ ផ្នែកផែនការទូទៅ៣នាក់ ផ្នែកឱសថស្ថាន៨នាក់…។ បុគ្គលិកដែលឆ្លងកូវីដ-១៩ខាងលើមិនបញ្ចេញអាការនោះឡើយ ។
កាលពីថ្ងៃទី១២ខែមិថុនា មន្ទីរពេទ្យ ខាងលើបានបិទជាបណ្តោះអាសន្ន ដោយរកឃើញបុគ្គលិក៣នាក់ឆ្លងកូវីដ-១៩ ។
ជាមួយគ្នានេះដែរក្រសួងសុខាភិបាលប្រទេសវៀតណាមកាលពីថ្ងៃទី១៣ខែមិថុនា បានប្រកាសរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ចំនួន២៩៧ករណីបន្ថែមទៀត។ នៅក្នុងចំណោមករណីឆ្លងថ្មីខាងលើ ភាគច្រើនត្រូវបានរកឃើញនៅខេត្ត Bac Giang ដែលជាចំណុចកណ្តាលនៃការផ្ទុះរីករាលដាលកូវីដ-១៩ នាពេលបច្ចុប្បន្នជាមួយករណីឆ្លថ្មី១២៩ករណី។
នៅខេត្ត Bắc Ninh មាន ៥៤ករណី និងនៅខេត្ត Hà Tĩnh ក៏បានកត់ត្រាករណីឆ្លងសហគមន៍ចំនួន០៩ករណីបន្ថែមទៀតផងដែរ។ ក្រៅពីនោះឆ្លងនៅតាមខេត្តផ្សេងៗទៀត។
នៅថ្ងៃជាមួយនេះវៀតណាមក៏បានរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះម្នាក់ទៀតផងដែរ។សរុបមកវិញ គិតត្រឹមថ្ងៃទី១៣ខែមិថុនា វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ចំនួន ១០,៥៣៨នាក់ ក្នុងនោះស្លាប់ ៥៩នាក់ និងជាសះស្បើយ ៣,៩៧៥នាក់៕
រូបភាព៖ Chí Hùng