ជនដៃដល់សម្លាប់ប្រពន្ធច្រកវ៉ាលី ត្រូវ​បានសមត្ថកិច្ចបញ្ជូនខ្លួនទៅតុលាការ ដើម្បីបន្តនីតិវិធី

ចែករំលែក៖

ភ្នំពេញ​៖ នៅព្រឹកថ្ងៃចន្ទ​ទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ​ កម្លាំងនគរបាលខណ្ឌសែនសុខ បានបញ្ជូនខ្លួនជនដៃដល់​ ដែលសម្លាប់ប្រពន្ធនៅខណ្ឌសែនសុខ រួចកាត់ដៃជើងច្រកក្នុងវ៉ាលីយកទៅផ្លុងចោលនៅខេត្តត្បូងឃ្មុំ ហេីយ​ត្រូវកម្លាំងសមត្ថកិច្ចជំនាញតាមស្រាវជ្រាវចាប់ខ្លួនបាននៅស្រុករតនមណ្ឌល ខេត្តបាត់ដំបងនោះ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

ជនសង្ស័យឈ្មោះ ស៊ាន ហួរ អាយុ៥៩ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៥៤បេ ផ្លូវ៥៩៨ ក្រុម១ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ គ្មានសារធាតុញៀន បានធ្វើសកម្មភាពវាយកាប់សម្លាប់ ជនរងគ្រោះជាប្រពន្ធឈ្មោះ គង់ វុទ្ធី អាយុ៥៤ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៥៤បេ ផ្លូវ៥៩៨ ក្រុម១ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

គួររម្លឹកថា​ បេីយោង​តាមរបាយការណ៍របស់ លោកវរសេនីយឯក ហួរ​ ម៉េងវ៉ាង អធិការនគបាលខណ្ឌសែនសុខ បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចជំនាញ​ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១​ថ្មីៗ​នេះ​ បានចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះ ស៊ាន ហួរ នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង ជាកន្លែង​ដែលរូបគេកំពុងរត់គេចខ្លួន ក្រោយធ្វើសកម្មភាពកាប់សម្លាប់ប្រពន្ធរួច។

ក្នុងប្រតិបត្តិការនេះ​ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ សហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។

គួរបញ្ជាក់ថា​ ករណី​ឃាតកម្មសម្លាប់ប្រពន្ធនៅខណ្ឌសែនសុខ រួចកាត់ដៃជើងច្រកក្នុងវ៉ាលីយកទៅផ្លុងចោលនៅខេត្តត្បូងឃ្មុំ ត្រូវ​បានកូនជនរងគ្រោះបានបង្ហោះនៅលេីបណ្ដាញសង្គម Facebook ថា៖​ រូបគាត់បាត់ឪពុកម្ដាយ ជាមួយរថយន្ដមួយគ្រឿងម៉ាក Lexus RX330 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AS-1701 ដើម្បីឲ្យមហាជនជួយស្វែងរក។

ក្រោយ​ពីមានការបង្ហោះនេះដែរ​ កម្លាំងសមត្ថកិច្ចជំនាញ​បានធ្វេីការ​ស្រាវជ្រាវ​រហូត​ដឹងការពិត​ នៃការបាត់ខ្លួនឪពុកម្ដាយនេះ គឺជាករណីឃាតកម្មទៅវិញ​ ដោយ​សារឪពុករបស់ខ្លួន ជាឃាតករ​សម្លាប់ម្ដាយរបស់ខ្លួនទៅវិញ។

បច្ចុប្បន្ន​ជនដៃដល់​ ត្រូវ​បានបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print