រយៈពេល៥ខែ ដើមឆ្នាំ២០២១នេះ! ទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េ សម្រេចបានជាង៣០២លានដុល្លារ មានកើនឡើងតិចតួច

ចែករំលែក៖

ភ្នំពេញ​៖ បើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម​កម្ពុជា​ នៅថ្ងៃចន្ទទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ​ បានបញ្ជាក់ថា​ ទំហំពាណិជ្ជកម្ម កម្ពុជា-កូរ៉េ សម្រេចបានសរុបចំនួន ជាង៣០២លានដុល្លារ កើនឡើង២.៦៦% រយៈពេល៥ខែ ពោលគិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២១នេះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២០កន្លងទៅ។

ជាក់ស្ដែង​នៅក្នុង​ទិន្ន័យរបស់ក្រសួង បានបញ្ជាក់បន្ថែមថា កម្ពុជា​រយៈពេល៥ខែ ដើមឆ្នាំ២០២១នេះ​ បាននាំចេញទៅកូរ៉េ ក្នុងទំហំទឹកប្រាក់ជាង៧៥លានដុល្លារ ខណៈការនាំចូលពីកូរ៉េវិញ ក្នុងទំហំទឹកប្រាក់ជាង២២៦លានដុល្លារ។

សូមជម្រាបថា​ ទំនិញដែលកម្ពុជា នាំចេញទៅកូរ៉េ មានដូចជា៖ សំលៀកបំពាក់ គ្រឿងអេឡិកត្រូនិក ស្បែកជើង ភេសជ្ជៈ កាបូប កៅស៊ូ ឱសថ និងក្រដាសកាតុង ជាដើម -ល-។​ ខណៈទំនិញដែលកម្ពុជា នាំចូលពីកូរ៉េច្រើនបំផុតមាន ដូចជា៖ ក្រណាត់ត្បាញ រថយន្តដឹកទំនិញ ភេសជ្ជៈ គ្រឿងអេឡិកត្រូនិក គ្រឿងម៉ាស៊ីន វត្ថុតុបតែងលម្អផ្ទះ ឱសថ សាប៊ូ និងផលិតផលប្លាស្ទិក ជាដើម -ល-។

គួររម្លឹកថា​ កម្ពុជា-កូរ៉េ កាលពីពេលថ្មីៗនេះ​ បានប្រកាសបិទបញ្ចប់ជាផ្លូវការ នូវកិច្ចចរចាព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ (FTA) ក្រោមការចូលរួមពី រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ និងភាគីកូរ៉េខាងត្បូង ដឹកនាំដោយលោកស្រី យូ ម្យូងហ៊ី (Yoo Myung-Hee) រដ្ឋមន្រ្ដីពាណិជ្ជកម្មកូរ៉េខាងត្បូង។

ក្រោយ​ពីការប្រកាសបញ្ចប់ ការចរចាជាផ្លូវការ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ប្រទេសទាំងពីរ នឹងអនុវត្តនីតិវិធីក្នុងស្រុក សម្រាប់ចុះហត្ថលេខា លើកិច្ចព្រមព្រៀងទ្វេភាគីនេះ នៅពេលខាងមុខ។

គួរបញ្ជាក់ថា​ ចំពោះ​ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ មានគោលបំណងពង្រឹងភាព ជាដៃគូសេដ្ឋកិច្ច និងពង្រីកការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មទ្វេភាគី ឲ្យកាន់តែទំលំទូលាយ ដោយផ្ដល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមក សំដៅបង្កើនផលប្រយោជន៍សេដ្ឋកិច្ច និងសុខមាលភាព ប្រជាជន និងធុរកិច្ចនៃប្រទេសទាំង២។

ដោយឡែក​កិច្ចព្រមព្រៀងនេះដែរ នឹងលើកកម្ពស់ ការនាំចេញរបស់កម្ពុជា ទៅកាន់សាធារណរដ្ឋកូរ៉េបន្ថែមទៀត លើទំនិញដែលធ្លាប់នាំចេញ នាពេលកន្លងមក មានដូចជា៖ ផលិតផលសម្លៀកបំពាក់ និងវាយនភណ្ឌ ស្បែកជើង កាបូប គ្រឿងបន្លាស់ ឧបករណ៍អេឡិចត្រូនិក កៅស៊ូ និងផលិតផលកសិកម្មជាដើម។

ចំណែក​សម្រាប់សាធារណរដ្ឋកូរ៉េ ក៏អាចជួយលើកកម្ពស់ ការនាំចេញរបស់ខ្លួនបន្ថែមទៀត មកកាន់ប្រទេសកម្ពុជា រួមមាន៖ យានយន្ត គ្រឿងអេឡិចត្រូនិក សម្ភារៈអគ្គិសនី ភេសជ្ជៈ ឱសថ និងផលិតផលផ្លាស្ទិក។

គួរជម្រាបថា​ ទំហំពាណិជ្ជកម្ម កម្ពុជា-កូរ៉េ រយៈពេល​ពេញមួយឆ្នាំ២០២០កន្លងទៅ សម្រេចបានសរុបចំនួន ៧២៩.១៣លានដុល្លារអាមេរិក កើនឡើង១៧.៣១ភាគរយ បើបៀបធៀបនឹងឆ្នាំ២០១៩ មានចំនួន៨៨១.៧៦លានដុល្លារ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print