ភ្នំពេញ, បើយោងតាម page ផ្លូវការរបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញនៅរសៀលថ្ងៃទី១៤ ខែមិថុនាឆ្នាំ២០២១ បានបញ្ជាក់យ៉ាងដូច្នេះថា, នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក នេត វន្ថា ប្រធាននាយដ្ឋាននគរបាល បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ តំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានធ្វើការប្រគល់រថយន្តពន្លត់អគ្គិភ័យទំលុះជញ្ជាំងចំនួន២គ្រឿង ជូនដល់នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ និងការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីយកទៅប្រើប្រាស់ក្នុងការជួយសង្គ្រោះដល់បងប្អូនប្រជាពលរដ្ឋ ។
ក្នុងពិធីប្រគល់-ទទួលនេះដែរ មានការអញ្ជេីញចូលរួមពីលោកឧត្តមសេនីយ៍ឯក នេត វន្ថា ប្រធាននាយដ្ឋាននគរបាល បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ, លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការរង ទទួលផែនអាវុធជាតិផ្ទុះ និងអគ្គិភ័យ តំណាង លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងអនុប្រធាននាយកដ្ឋានបង្ការពន្លត់អគ្គិភ័យ ព្រមទាំងមន្ត្រីជំនាញជាច្រើននាក់ទៀត ។
ក្រោយពីទទួលបានរថយន្តពន្លត់អគ្គិភ័យទំលុះជញ្ជាំងរួចមក លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការរង ទទួលផែនអាវុធជាតិផ្ទុះ និងអគ្គិភ័យ បានធ្វើការប្រគល់រថយន្តមួយគ្រឿង ដែលទទួលបានខាងលើនោះ ជូនទៅកាន់លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ដើម្បីយកទៅប្រើប្រាស់ក្នុងប្រតិបត្តិការជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ៕
ដោយ, សិលា