ខេត្តស្ទឹងត្រែង, នៅរសៀល ថ្ងៃចន្ទ ៥កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋដែលកំពុងជួបការខ្វះខាតជីវភាព និងងាយរងគ្រោះចំនួន ៧៦គ្រួសារ ស្ថិតនៅភូមិឧបសម្ព័ន្ធឬទ្ធីសែនជ័យ ឃុំអូរស្វាយ ស្រុកបូរីអូរស្វាយសែនជ័យ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ចំនួន២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ភួយ១ ក្រម៉ា១ សារុង១ មុង១ និងទឹកក្រូច ចំណុះ២លីត្រ ១ដប។ ពិធីនេះរៀបចំនៅសាលាបឋមសិក្សាឫទ្ធីសែនជ័យ២ ដោយមានការចូលរួមពីអនុប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត ប្រធាន អនុប្រធាន និងសមាជិកអនុសាខាស្រុកបុរីអូរស្វាយសែនជ័យ ព្រមទាំងយុវជនកាកបាទក្រហម។
មានប្រសាសន៍នាឱកាសនោះដែរលោក ម៉ុម សារឿន បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងទ្វេតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
ទន្ទឹមនឹងនោះ លោក ម៉ុម សារឿន បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យបន្តការយកចិត្តទុកដាក់ថែទាំសុខភាព ព្រមទាំងប្រកាន់ភ្ជាប់នូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ដើម្បីការពារឲ្យបាននៅជំងឺរាតត្បាត ដ៏កាចសាហាវ វីរុសកូវីដ-១៩។ ក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្ត ស្នើ ឲ្យមានការបំផុសចលនាចូលរួមបង្ការ ការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ តាមគោរការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងវិធានសុខាភិបាលឲ្យបានហ្មត់ចត់ ជាពិសេស វិធានការ ៣កុំ និង ៣ការពារ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី៕
ដោយ, សិលា