ខេត្តកណ្តាល៖ ស្ត្រីម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាងចាប់ខ្លួនពីបទឆបោក និងចរាចរក្រដាស់ប្រាក់ក្លែងក្លាយ ដកហូតក្រដាស់ប្រាក់ ១០០ដុល្លារក្លែងក្លាយ(ក្រដាស់សែន)មួយកេះដែកស្មើនឹងទម្ងន់ ២.៨គីឡូក្រាម ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។ ប្រតិបត្តិការឃាត់ខ្លួនស្ត្រីសង្ស័យខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង៨ និង៥៥នាទីព្រឹក ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ នៅភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ។
អធិការនគរបាលស្រុកស្អាងលោកវរសេនីយ៍ទោ សេង សុជាតិ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ទូច ផាន់ ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជា ជាងជួសជុលទូរទស្សន៍ មានទីលំនៅក្នុងភូមិព្រែកខ្នាច ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល ។ ចំណែកឯស្ត្រីសង្ស័យដែលត្រូវបានចាប់ខ្លួននោះមានឈ្មោះ ស៊ុន ណារី ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជា កម្មការីនីរោងចក្រកាត់ដេរ មានទីលំនៅក្នុងភូមិត្រពាំងរាំង ឃុំស្នោរ ស្រុកព្រៃកប្បាស់ ខេត្តតាកែវ ។ ក្នុងប្រតិបត្តិការឃាត់ខ្លួនស្ត្រីខាងលើនេះ សមត្ថកិច្ចបានដកហូតកេះដែកសង្ក័សីចំនួន០១ មានក្រដាស់ប្រាក់ក្លែងក្លាយ(ក្រដាស់សែន)ទម្ងន់ ២.៨គីឡូក្រាម ស្មើនឹង ៥០ម៉ឺនដុល្លារ ។
លោកវរសេនីយ៍ទោ សេង សុជាតិ បានបន្តថា រយៈពេលកន្លងមកស្ត្រីសង្ស័យខាងលើនេះបានទំនាក់ទំនងជនរងគ្រោះឈ្មោះ ទូច ផាន់ ដើម្បីចូលហ៊ុនគ្នារកស៊ីទិញ-លក់វត្ថុបុរាណ ។ អំឡុងពេលទំនាក់ទំនងគ្នាជនរងគ្រោះបានប្រគល់លុយបន្តិចម្តងៗ ទៅឲ្យស្ត្រីសង្ស័យនិងបក្ខពួកម្នាក់ទៀត រហូតមានចំនួនសរុប ១០,៥០០ដុល្លារសហរដ្ឋអាមេរិក ។ លុះមកដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ ក្រុមជនសង្ស័យបានទំនាក់ទំនងទៅជនរងគ្រោះណាត់ឲ្យមកយកលុយចំណេញពីការរកស៊ីមានចំនួន៥០ម៉ឺនដុល្លារ នៅចំណុចភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ។
លោកអធិការបានបន្តទៀតថា ពេលមកដល់ចំណុចខាងស្ត្រីសង្ស័យបានកាន់កេះដែកមួយ ហើយបានតម្រូវឲ្យជនរងគ្រោះប្រគល់លុយចំនួន ៤,០០០ដុល្លារទៀត ទើបប្រគល់កេះលុយឲ្យ ដោយមានការសង្ស័យជនរងគ្រោះបានប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលកោះខែលឲ្យជួយអន្តរាគមន៍ ។ ភ្លាមៗនោះសមត្ថកិច្ចនករបាលប៉ុស្តិ៍បានចេញអន្តរាគមន៍ឃាត់ខ្លួនស្ត្រីខាងលើនេះ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ។
លោក សេង សុជាតិ បានបញ្ជាក់ថា បន្ទាប់ពីធ្វើការសាកសួរចម្លើយសារភាពរបស់ស្ត្រីសង្ស័យខាងលើនេះ ព្រះរាជអាជ្ញារងខេត្តកណ្តាល ឯក ស៊ុន រស្មី បានបញ្ជាឲ្យកម្លាំងជំនាញកសាងសំណុំរឿងពីបទឆបោក និងចរាចរក្រដាស់ប្រាក់ក្លែងក្លាយ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ ស្អាងជ័យ