ភ្នំពេញ៖ សិស្សសាលាបឋមសិក្សាចំនួន៥នៅក្នុងសង្កាត់ក្បាលកោះត្រូវបានក្រុមការងារចុះជួយខណ្ឌច្បារអំពៅនាំយកអាហារបំប៉នសុខភាពទៅចែកជូន កាលពីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦ ក្រោមវត្តមានលោកស្រីឡោក ខេង អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ និងជាប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយខណ្ឌច្បារពៅ , លោកអ៊ុច គឹមអន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌច្បារអំពៅ , លោករស់ សុភ័ក្រ អភិបាលរងខណ្ឌ និងជាប្រធានយុវជនខណ្ឌច្បារអំពៅ ។
លោក រស់ សុភ័ក្រ អភិបាលរងខណ្ឌបានអោយដឹងថា អាហារបំប៉នសុខភាពជាជំនួយមនុស្សធម៍នាំមកពីសហរដ្ឋអាមេរិក សម្រាប់ជួយដល់ សិស្សានុសិស្សដែលកំពុងរៀននៅសាលាបឋមសិក្សា និងក្មេងៗដែលខ្វះអាហារូបឋម ។ សម្រាប់ថ្ងៃនេះនៅសង្កាត់ ក្បាលកោះត្រូវបានក្រុមការងារនាំយកអាហារបំប៉នចែកជូនដល់សិស្សចំនួន១៥០នាក់ មកពីសាលាបឋមសិក្សាចំនួន៥ រួមមានសាលាបឋមសិក្សា យកបាត្រ , សាលាបឋម សិក្សាវត្តក្នុង , សាលាបឋម សិក្សាវត្តចំប៉ា , សាលាបឋម សិក្សាវត្តមុនី និង សាលាបឋម សិក្សាចុងព្រែក ។ អាហារបំប៉ននេះក្នុងកំប៉ុងតម្លៃ៥៥ដុល្លារជាផលិតផលរបស់សរដ្ឋអាមេរិក ។
ក្នុងកម្មវិធីចែកអាហារ បំប៉ននេះដែរលោកស្រីឡោក ខេង អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញបានមានមតិសំណេះសំណាលនិងផ្តាំផ្ញើដូច្នេះថា សូមក្មួយៗខិតខំរៀនសូត្រយកចំណេះដើម្បីអនាគតរបស់ក្មួយៗ ព្រោះថាទៅថ្ងៃមុខក្មួយៗគឺជាទំពាំងស្នងឫស្សី និងជាសសរទ្រូងរបស់ប្រទេសជាតិ ជាពិសេសត្រូវធ្វើខ្លួន អោយជាសិស្សល្អ មិត្តល្អ និងកូនល្អ ជៀសអោយឆ្ងាយ ពីគ្រឿងញៀន និងសកម្មភាព ទំនើងផ្សេងៗ ។
ជាមួយគ្នានេះ ដែរលោកស្រីក៍ផ្តាំផ្ញើដល់អាណាព្យាបាលសិស្សអោយខិតខំបង្រៀនកូនបន្ថែម និងធ្វើការអប់រំទូន្មាន ប្រៀនប្រដៅដល់កូនៗ របស់ខ្លួនដើម្បីអោយកូនៗមានអនាគតល្អ ៕
ដោយ៖ សណ្តោស