Interpol បានបិទគេហទំព័រលក់ឱសថខុសច្បាប់តាមរយៈអនឡាញជាច្រើន

ចែករំលែក៖

ភ្នំពេញ , អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិកាលពីរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញបានបញ្ជាក់ឲ្យដឹងថា, ដោយមានការសហការពីបណ្ដាប្រទេសជុំវិញពិភពលោកចំនួន ៩២ប្រទេស Interpol បានបើកយុទ្ធនាការ Operation Pangea XIV ដើម្បីបង្ក្រាបការលក់ឱសថនិងបរិក្ខារពេទ្យខុសច្បាប់អនឡាញ។

នៅក្នុងយុទ្ធនាការនេះ Interpol បានបិទឬលុបចោល គេហទំព័រនិងតំណភ្ជាប់ចំនួនប្រមាណជាង ១១ម៉ឺន និងបានចាប់ខ្លួនមនុស្សចំនួន ២៧៧នាក់។ ជាងនេះទៅទៀតពួកគេក៏បានរឹបអូសយកឱសថនិងឧបករណ៍ក្លែងក្លាយ ដែលមានចំនួនទឹកប្រាក់ប្រហែល ២៣លានដុល្លារ ប៉ុន្តែអ្វីដែលធ្វើឱ្យពួកគេមានការភ្ញាក់ផ្អើលនោះ គឺឧបករណ៍ក្លែងក្លាយភាគច្រើនគឺជាឧបករណ៍សម្រាប់ធ្វើតេសជំងឺកូវីដ-១៩។

ទាំង Interpol និងអាជ្ញាធរមកពីបណ្ដាប្រទេសធំៗជាច្រើនទៀតមានដូចជា FBI របស់សហរដ្ឋអាមេរិកតែងតែធ្វើការណែនាំឱ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្ន ក្នុងករណីដែលពួកគេមានបំណងចង់ទិញឱសថតាមរយៈអនឡាញ ព្រោះឱសថក្លែងក្លាយអាចធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពរបស់អ្នកប្រើប្រាស់។ លោកអ្នកគួរតែទិញឱសថពីឱសថស្ថានដែលមានការអនុញ្ញាតត្រឹមត្រូវ និងសូមពិនិត្យពីគុណភាពរបស់ឱសថឱ្យបានច្បាស់លាស់មុននឹងចាប់ផ្ដើមប្រើប្រាស់៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print