នៅយប់ថ្ងៃទី ១៦ខែមិថុនា ក្រសួងសុខាភិបាលវៀតណាមបានចែកចាយវ៉ាក់សាំងប្រឆាំងកូវីដ ១៩ ចំនួន ២៨៨ពាន់ដូស ផលិតដោយក្រុមហ៊ុន AstraZeneca ដល់បណ្តាខេត្តក្រុងដែលមានករណីឆ្លងកូវិដ១៩ច្រើន។
សកម្មភាពខាងកើតឡើងក្រោយពេលដែល វៀតណាមបន្តរកឃើញករណីឆ្លងកូវីដ១៩ ចំនួន «៤២៣ករណី» បន្ថែមទៀត ក្នុងនោះ៩៩នាក់នៅទីក្រុងហូជីមិញ។ ក្រសួងសុខាភិបាលប្រទេសវៀតណាមនៅថ្ងៃពុធនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ ចំនួន៤២៣ករណីបន្ថែមទៀត ក្នុងនោះ០៩ករណីជាករណីនាំចូល និង ៤១៤នាក់ទៀតជាករណីសហគមន៍។
នេះជាចំនួនករណីឆ្លងថ្មីប្រចាំថ្ងៃច្រើនបំផុតទី២ ដែលត្រូវបានរាយការណ៍ចាប់តាំងពីថ្ងៃទី២៥ ខែឧសភាកន្លងទៅ ដែលប្រទេសនេះបានរកឃើញករណីឆ្លងថ្មីរហូតដល់ ៤៤៤ករណីក្នុងមួយថ្ងៃ។
ក្នុងចំណោមករណីសហគមន៍នៅថ្ងៃពុធនេះ ខេត្ត Bac Giang នៅតែជាចំណុចក្តៅ នៃការផ្ទុះរីករាលដាលកូវីដ១៩ នៅក្នុងប្រទេសវៀតណាមនាពេលបច្ចុប្បន្ន ជាមួយនឹងការរកឃើញករណីឆ្លងថ្មីចំនួន ២៧៩ករណី។ ដោយឡែកនៅទីក្រុងហូជីមីញ បន្តរកឃើញករណីឆ្លងសហគមន៍ថ្មីចំនួន៩៩ករណីបន្ថែមទៀត។
ចំណែកនៅខេត្ត Bắc Ninh បានរកឃើញ២៧ករណី, ខេត្តBình Dương មាន១២ករណី និងនៅខេត្ត Hà Tĩnh មាន០៤ករណី ក្រៅពីនោះនៅតាមបណ្តាខេត្តផ្សេងៗទៀត។
សរុបមកវិញ គិតត្រឹមថ្ងៃពុធនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ចំនួន ១១,៦៣៥នាក់ ក្នុងនោះស្លាប់ ៦១នាក់ និងជាសះស្បើយ ៤,៥៩០នាក់៕
រូបភាព៖ suckhoedoisong