ខេត្តព្រះវិហារ, សូមបញ្ជាក់ថា, រដ្ឋបាលខេត្តព្រះវិហារ រកឃើញវិជ្ជមានកូវីដ១៩ចំនួន០២នាក់ ដែលម្នាក់នៅក្នុងមណ្ឌលចត្តាឡីស័ក និងម្នាក់ទៀតមកពីរាជធានីភ្នំពេញ ។
នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារយកសំណាក បានរកឃើញវិជ្ជមានកូវីដ១៩ចំនួន០២នាក់រួមមាន :
១/កុមារា ឈិន លីមីត ភេទប្រុស អាយុ១១ឆ្នាំ រស់នៅភូមិស្រអែមជើង ឃុំស្រអែម ស្រុកជាក្សាន្ត ពាក់ព័ន្ធនឹងពិធីភ្ជាប់ពាក្យនៅភូមិធម្មជាតិ ឃុំស្រអែម កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ បានដាក់ចូលមណ្ឌលកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១
និង២/ឈ្មោះ ថេង ពិសិទ្ធ ភេទប្រុស អាយុ២៦ ឆ្នាំ រស់នៅសង្កាត់ចោមចៅ រាជធានីភ្នំពេញ ជាបុគ្គលិកក្រុមហ៊ុនជួសជុលម៉ាស៊ីនស្កេនន័រ មកពីរាជធានីភ្នំពេញ មកដល់ខេត្តព្រះវិហារ និងសម្រាកនៅផ្ទះសំណាក់ លីហួត ក្រុងព្រះវិហារ នាល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ។
ក្នុងចំណោមអ្នកវិជ្ជមានជំងឺកូវីដ-១៩ចំនួន ០២នាក់ខាងលើ ក្នុងនោះអ្នកវិជ្ជមានជំងឺកូដ-១៩ចំនួន ០១នាក់ គឺជាអ្នកពាក់ព័ន្ធនៅក្នុងកម្មវិធីភ្ជាប់ពាក្យកូនកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ នៅភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ហើយត្រូវដាក់ឲ្យធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កកម្រិត១ ស្រុកជាំក្សាន្ត និងអ្នកវិជ្ជមាន ជំងឺកូវីដ-១៩ចំនួន ០១នាក់ទៀត គឺជាអ្នកធ្វើដំណើរពីរាជធានីភ្នំពេញ មកកាន់ខេត្តព្រះវិហារ ហើយបានពាក់ព័ន្ធទីតាំង ចំនួន ០២កន្លែងគឺ ផ្ទះសំណាក់ លី ហួត និងអាហារដ្ឋាន លី ហួត ស្ថិតនៅក្នុងភូមិឡឥដ្ឋ ខេត្តព្រះវិហារ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ។ បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ចំនួន ០២នាក់ខាងលើ ត្រូវបានបញ្ជូនមកសម្រាកព្យាបាលនៅមណ្ឌល ព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល(អតីតសាលាបឋមសិក្សា ស្ថាពរ )ខេត្តព្រះវិហារ។
គិតមកដល់ថ្ងៃនេះ ខេត្តព្រះវិហារបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ៤១នាក់/ស្រីចំនួន ១៦នាក់ និងកុមារីចំនួន ០៧នាក់ ក្នុងនោះបានជាសះស្បើយចំនួន ០៨នាក់/ស្រីចំនួន ០២នាក់ និងកុមារីចំនួន ០១នាក់។ រីឯអ្នកជំងឺកូវីដ-១៩ ចំនួន ៣៣នាក់/ស្រីចំនួន ១៤នាក់ និងកុមារីចំនួន ០៦នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ បង្អែក១៦មករា និងមណ្ឌលព្យាបាលជំងឺកវីដ-១៩ កម្រិតស្រាល(អតីតសាលាបឋមសិក្សា ស្ថាពរ)ខេត្តព្រះវិហារ។
ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តព្រះវិហារ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ពិសេសអ្នកប៉ះពាល់ដោយ ផ្ទាល់ និងដោយប្រយោលទាំងអស់ ត្រូវទៅយកសំណាកនៅគ្រប់មណ្ឌលចត្តាឡីស័ក ឬមន្ទីរពេទ្យក្នុងខេត្តព្រះវិហារ។ ករណីមានរោគសញ្ញាសង្ស័យផ្សេងៗ សូមទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិត កន្លែងបងប្អូនរស់នៅ ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ០១២ ៩៨៥ ៦៨៩/០៨៨ ៥៩៦ ៤៤៩៦។
រដ្ឋបាលខេត្តព្រះវិហារ សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋចូលរួមអនុវត្តតាមសេចក្ដីប្រកាសព័ត៌មាន នេះឲ្យមានប្រសិទ្ធភាពខ្ពស់ និងសូមបង្កើនការប្រុងប្រយ័ត្ន អនុវត្តឲ្យបានខ្ជាប់ខ្លួននូវវិធានការ ៣ការពារ និង៣កុំ តាម ការណែនាំរបស់រាជរដ្ឋាភិបាល និងវិធានការនានារបស់ក្រសួងសុខាភិចទៅដោយស្មារតីទទួលខុសត្រូវខ្ពស់៕
ដោយ, សិលា