ចំនួនពលរដ្ឋដែលបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ ១៩រួចរាល់បានជាង ៧០% មន្ត្រីរដ្ឋញូវយ៉កនឹង កាលីហ្វ័រនីញ៉ា បានសម្រេចលុបច្បាប់បម្រាមនានា ដល់ពលរដ្ឋ ដើម្បីឲ្យជីវភាគរស់នៅវិលត្រឡប់មកធម្មតាវិញ ។ ទាំងនោះជាភាពរីករាយបំផុតរបស់ពលរដ្ឋ ក្រោយការបិទខ្ទប់អស់រយៈពេលជាង១ឆ្នាំកន្លងមក។
នៅថ្ងៃទី ១៥ខែមិថុនា (ពេលវេលាអាមេរិក) អភីបាលរដ្ឋញូវយក និងកាលីហ្វ័រនីញ៉ា បានប្រកាសទទួលបានជ័យជម្នះលើកូវិដ ១៩ ហើយរាល់ការបិទខ្ទប់នានាត្រូវបានបញ្ចប់។ បណ្តាក្រុមហ៊ុន សហគ្រាស ដំណើរការឡើងវិញទាំងស្រុង ក្រោយរងផលប៉ះពាល់យ៉ាងខ្លាំងនាពេលកន្លងក។
នៅក្នុងរដ្ឋទាំងពីរ មានពលរដ្ឋដល់ទៅជាង ៧០ភាគរយហើយបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ ១៩ ឲ្យចំនួនអ្នកឆ្លងក៏បានធ្លាក់ចុះខ្លាំងផងដែរ។ នៅតាមភោជនីយដ្ឋានមិនមានការអង្គុយគម្លាត់ ២ម៉ែត្រដូចកាលពីមុនឡើយ ។
បើទោះបីមានរដ្ឋមួយចំនួនបើកទ្វារសេដ្ឋកិច្ចឡើងវិញក្តីតែចំនួនអ្នកឆ្លងនៅទូទាំងអាមេរិក នៅមានជាង ១ម៉ឺននាក់ក្នុងមួយថ្ងៃនៅឡើយទេ។ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១២,៥៨០នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៣៥៣នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៤,៣៥២,១៨៥ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦១៥,៧១៧នាក់ និងជាសះស្បើយឡើងសរុប ២៨,៥៧៨,៧០១លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក គឺជាង ៣៣២លាននាក់៕
រូបភាព៖ TTXVN