ភ្នំពេញ៖ បេីយោងតាមការលើកឡើងរបស់អាជីវករបោះដុំបន្លែស្ថិតនៅបណ្តោយផ្លូវព្រះមុនីរ៉េត ក្បែរផ្សារដើមគរ ក្នុងរាជធានីភ្នំពេញ បានបញ្ជាក់ថា ខណៈដែលអាជ្ញាធររាជធានីភ្នំពេញ ប្រកាសឱ្យបើកដំណើរការអាជីវកម្មឡើងវិញ បន្ទាប់ពីផ្អាកមួយរយៈពេលក្រោយឆ្លងរាលដាលវីរុសកូវីដ-១៩ គិតមកដល់ពេលនេះរយៈពេលប្រមាណជាង១ខែហើយ ប៉ុន្តែពួកគាត់បានត្អូញត្អែរថា ការលក់សព្វថ្ងៃមានការថយចុះ និងបាត់បង់ម៉ូយអស់ជាច្រើនផងដែរ។
ជាក់ស្ដែងបេីតាមការបញ្ជាក់ពីអ្នកចែកចាយបន្លែបោះដុំ អ្នកស្រី ឃីម ឬហៅថា អ៊ីវ៉ែនតា បាននិយាយរៀបរាប់ថា បេីទោះបីជាបានបើកលក់ឡើងវិញក៏ដោយប៉ុន្តែរយៈពេលឮជាងមួយខែនេះ លក់មិនបានច្រើនដូចមុនទេនិងខាតបង់ប្រាក់ដើមថែមទៀតដោយសារការលក់ថយចុះហើយម៉ូយក៏បាត់និងត្រូវចំណាយថ្លៃជួលកន្លែងថែមទៀត។
អាជីវកររូបនេះ បន្តថា ពីមុននៅក្នុងមួយថ្ងៃអាចលក់បន្លែចេញអស់ចំនួនជាង១ពាន់តោនតែសព្វថ្ងៃនេះ លក់ចេញប្រមាណតែ៤០០ទៅ៥០០គីឡូក្រាមប៉ុណ្ណោះ ក្នុង១ថ្ងៃ ខណៈដែលអ្នកស្រីបើកលក់ចាប់ពីម៉ោង៥ល្ងាច ដល់៥ភ្លឺ។
ដោយឡែកជុំវិញបញ្ហានេះដែរ អាជីវករ ២នាក់ផ្សេងទៀត ដែលលក់ដូរក្បែរគ្នានេះ ក៏បានលើកឡើងថា ក្នុងអំឡុងពេលបិទខ្ទប់ និងផ្អាកលក់មួយរយៈពេលកន្លងមក ពិតជាមានការលំបាក និងធ្វើឲ្យបាត់បង់ប្រាក់ចំណូលយ៉ាងច្រើន។
បន្ថែមពីនេះ អាជីវករទាំងអស់នេះ បានសង្កត់ធ្ងន់ថា ទោះបីជាពួកគាត់បានត្រឡប់មកលក់នៅទីតាំងចាស់ឡើងវិញក៏ដោយ តែពួកគាត់លក់មិនសូវដាច់ច្រើនដូចមុននោះទេ ព្រោះថាការលក់មិនមែនមានតែមួយកន្លែង និងផ្តុំគ្នាដូចពីមុនទេ។ ចំណែកអ្នកទិញខ្លះបានងាកទៅទិញនៅកន្លែងផ្សេងដូចជា៖ នៅរង្វង់មូលគួរស្រូវជាដើម ដែលអាជីវករមួយចំនួនធំបានរើទៅលក់នៅទីនោះជំនួសឲ្យទីតាំងចាស់៕ដោយ៖សហការី