ពលរដ្ឋ​ខ្មែរ​ និង​ជនបរទេស​ រស់នៅ​​ក្នុង​ខេត្តព្រះសីហនុ ចាប់​ផ្តើម​ទទួល​បានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩​ ជាបណ្តើរៗ

ចែករំលែក៖

ខេត្តព្រះសីហនុ​៖​ សម្រាប់​យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានចាប់ផ្តើមជាបណ្តើរៗនៅតាមទីតាំងមួយចំនួននៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ នាព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២១នេះ។

ទាក់ទងនឹងយុទ្ធនាកាចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នេះដែរ​ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា មានតែការចាក់វ៉ាក់សាំងទេ ដែលអាចជួយកាត់បន្ថយការចម្លងជំងឺកូវីដ-១៩បាន។ ចំពោះប្រជាពលរដ្ឋដែលគ្រប់អាយុអាចចាក់វ៉ាក់សាំងដែលកំពុងរស់នៅ និងធ្វើការងារនៅខេត្តព្រះសីហនុ​ រួមទាំងជនបរទេសផង នឹងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពីរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានេះ ដើម្បីចៀសវាងការប្រមូលផ្តុំគ្នាការមកចាក់វ៉ាក់សាំងនេះ រដ្ឋបាលខេត្តព្រះសីហនុ បានកំណត់គោលដៅចំនួន ១៩ ទីតាំងផ្សេងគ្នា សម្រាប់រៀបចំជាកន្លែងចាក់វ៉ាក់សាំងជូនពលរដ្ឋនៅទូទាំងខេត្ត ក្នុងនោះនៅក្រុងព្រះសីហនុមាន ៥ទីតាំង ស្រុកព្រៃនប់ ៥ទីតាំង កំពង់សីលា ៤ទីតាំង ក្រុងកោះរ៉ុង ២ទីតាំង និងស្រុកស្ទឹងហាវ ១ទីតាំង និងមាននៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងតំបន់សេដ្ឋកិច្ចចឺជាង ក្នុងស្រុកព្រៃនប់ផងដែរ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលក្រុងព្រះសីហនុ បានឱ្យដឹងថា​ ចំពោះប្រជាពលរដ្ឋ ដែលរស់នៅក្នុងក្រុងព្រះសីហនុ មានអាយុចាប់ពី ១៨ឆ្នាំឡើង ដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្រុមការងាររដ្ឋបាលក្រុងព្រះសីហនុ នឹងចុះទៅអញ្ជើញបងប្អូនប្រជាពលរដ្ឋដល់លំនៅឋាន ដោយចែកប័ណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងផ្តល់ទម្រង់ពាក្យស្នើសុំចុះឈ្មោះ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនបងប្អូនដើម្បីបំពេញជាមុនសម្រាប់យកទៅបង្ហាញដល់ក្រុមការងារចាក់វ៉ាក់សាំង នៅថ្ងៃបន្ទាប់ តាមទីតាំងដែលបានកំណត់។ ដោយឡែកចំពោះបងប្អូនប្រជាពលរដ្ឋដែលក្រុមការងាររដ្ឋបាលក្រុងព្រះសីហនុ មិនទាន់បានចុះទៅអញ្ជើញ និងចែកប័ណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងផ្តល់ទម្រង់ពាក្យស្នើសុំចុះឈ្មោះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ- ១៩ នោះទេ សូមបងប្អូនប្រជាពលរដ្ឋកុំទាន់អញ្ជើញមកទីតាំងចាក់វ៉ាក់សាំង ដោយត្រូវរង់ចាំរហូតដល់ក្រុមការងាររដ្ឋបាលក្រុងព្រះសីហនុ ចុះទៅអញ្ជើញបងប្អូនជាបន្តបន្ទាប់តាមលំដាប់នៃក្រុម-ភូមិ ដែលបងប្អូនកំពុងរស់នៅ។

សូមបញ្ជាក់ជូនបន្ថែមថា នៅពេលបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សូមភ្ជាប់មកជាមួយនូវឯកសារបញ្ជាក់អត្តសញ្ញាណ មានដូចជា៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ សំបុត្រកំណើត ឬសៀវភៅស្នាក់នៅ ឬលិខិតឆ្លងដែន ដើម្បីបង្ហាញដល់ក្រុមការងារនៅទីតាំងចាក់វ៉ាក់សាំង និងសូមអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការ ៣ ការពារ (ពាក់ម៉ាស់ លាងដៃ រក្សាគម្លាតសុវត្ថិភាពសង្គម និងសុវត្ថិភាពបុគ្គលយ៉ាងតិច១.៥ ម៉ែត្រ នៅគ្រប់ទីកន្លែងទាំងអស់) និង ៣ កុំ (កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំទៅកន្លែងមនុស្សច្រើន កុំប៉ះពាល់គ្នា) របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងវិធានការនានារបស់ក្រសួងសុខាភិបាល៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print